កម្ពុជា-ជប៉ុន បានចុះ MOU លើកិច្ចសហការចំនួន៧ ផ្តោតលើការអភិវឌ្ឍឌីជីថល បច្ចេកវិទ្យាវិរញ្ញវត្ថុ និងថាមពល
Posted by -
Published on -
19/12/2023 1:16 AM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ( MOU) លើកិច្ចសហការសំខាន់ៗចំនួន៧ ជាមួយនឹងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៨ ធ្នូនេះ នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈការចុះផ្សាយនៅលើបណ្តាញសង្គមព័ត៌មានរបស់សម្តេចធិបតី ការចុះ MOU លើកិច្ចសហការនិងគម្រោងវិនិយោគនោះ មានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន និងគម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក។

ចំពោះ កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ត្រូវបានចុះ MOU រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ខណៈដែលកិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈ QR Code គឺធនាគារជាតិកម្ពុជា ចុះ MOU ជាមួយនឹងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។

ដោយឡែក អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec គឺកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) ខណៈពេលដែលអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) គឺស្ដីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលជីវាម៉ាស៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236