World Bank អនុម័តផ្តល់កម្ចី ៨០លានដុល្លារ លើកកម្ពស់គុណភាពអប់រំលើជំនាញបច្ចេកវិទ្យា វិស្វកម្ម និង STEM នៅកម្ពុជា
Posted by -
Phoung Somphors
Published on -
26/9/2024 1:25 AM

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក សម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការ លើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ World Bank នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា មូលនិធិសម្រាប់គម្រោងនេះ បានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។

គម្រោងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជានេះ មានរយៈពេល៦ឆ្នាំ គាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៥ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ នៅក្នុងគម្រោងដែលផ្តល់កម្ចី៨០លានដុល្លារនេះ ត្រូវបានរំពឹងទុកថា និស្សិតប្រមាណ ៣២,០០០នាក់ ក្នុងនោះនិស្សិតស្រីប្រមាណ ១៣,០០០នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានា របស់កម្មវិធី ដែលរួមមាន៖ ការអាប់ដេតកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស, និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។

គម្រោងនេះ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាព នៃការរៀនសូត្រសម្រាប់និស្សិតស្រី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្ត្រីដែលជាគ្រូ ឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋា រចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី ថាញ៉ា ម៉ៃយ័រ មានប្រសាសន៍ថា៖«ការចូលរួមការវិនិយោគលើសុខភាពនិងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពល កម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវ និស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿននៃធនធានមនុស្ស សម្រាប់កំណើតនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។

ទន្ទឹមនឹងនេះ គម្រោងលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)នេះ ជាកិច្ចបន្តពីវឌ្ឍនភាពយ៉ាងច្រើនដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមក ក្នុងការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ នៅក្នុងបរិបទបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

ក្នុងសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោកដដែល បានលើកឡើងថា ទោះបីជាលទ្ធភាពទទួលបានការអប់រំឧត្តម បានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារនៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨,០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោមនោះ ជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧, ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236