លោកស្រី ចេន សុភាព បែងចែកប្រាក់ខែជា​ ៥ ចំណែក មានទាំងខ្ទង់វិនិយោគនិងសប្បុរសធម៌
Posted by -
Rithipul
Published on -
24/1/2022 1:07 PM

ភ្នំពេញ៖ លោកស្រី ចេន សុភាព បានចែករំលែកបទពិសោធក្នុងគ្រប់គ្រងបែងចែកប្រាក់ខែជា ៥ ចំណែក កាលដែលលោកស្រីនៅធ្វើការងារនៅអង្គការសង្គមស៊ីវិលជាង១០ឆ្នាំមុន។ ៥ ចំណែកដែលលោកស្រីបែងចែកនោះមានចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ, វិនិយោគ, ព្យាបាលជំងឺ, ការអប់រំ និងចំណាយសម្រាប់ការងារសប្បុរសធម៌។

លោកស្រី ចេន សុភាព ម្ចាស់អាជីវកម្មកីតម្បាញខ្មែរបានមានប្រសាសន៍ថា ប្រសិនបើយើងមានភាពច្បាស់លាស់ក្នុងការចាត់ចែងលុយកាក់ ទោះបីយើងជាអ្នកធ្វើការងារក៏ដោយ ឬជាអ្នករកស៊ីក៏ដោយ យើងនៅតែមានលទ្ធភាពក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់យើងឱ្យនៅក្នុងស្ថានភាពមួយនឹង ដែលមិនប៉ះពាល់ខ្លាំង ឬធ្វើឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។ លោកស្រី ចេន សុភាព បានឱ្យដែរថា នៅក្នុងគ្រួសាររបស់លោកស្រីតែងតែកត់ត្រាចំណូលចំណាយប្រចាំថ្ងៃរួមគ្នា ដើម្បីតាមដាននិងពិនិត្យមើលខ្ទង់ចំណាយប្រចាំខែត្រឹមត្រូវទៅនឹងផែនការចំណាយនៅក្នុងគ្រួសារ ដែលបានរៀបចំឬយ៉ាងណា។

លោកស្រី ចេន សុភាព ស្ថាបនិកនិងជានាយិកាគ្រប់គ្រងសហគ្រាសកីតម្បាញខ្មែរ (ខេធីខេ-KTK) ដែលជាវាគ្មិននៅក្នុងកម្មវិធីជជែកពីលុយកាលពីចុងឆ្នាំ២០២១ បានឱ្យដឹងទៀតថា លោកស្រីមានចំណេះដឹងផ្នែកហិរញ្ញវត្ថុតាំងពីនៅវ័យក្មេងមកម្ល៉េះ ដោយលោកស្រីបានរៀនសូត្រតាមម្តាយដែលជាអាជីវករលក់ដូរម្នាក់ពូកែក្នុងការគ្រប់គ្រងលុយកាក់។ មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងគំរូភាពពីម្តាយ សហគ្រិនស្ត្រីឆ្នើម ចេន សុភាព បានបង្រៀនកូនរបស់ខ្លួនបន្តតាំងពីនៅតូចឱ្យគាត់មានបំណិនហិរញ្ញវត្ថុនេះ និងចេះប្រើប្រាស់លុយកាក់ឱ្យមានប្រសិទ្ធភាព ហើយបន្តអនុវត្តចំណេះនេះក្នុងគ្រួសារជាប្រចាំ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236