ក្រសួងឧស្សាហកម្ម ចុះ MOU ជាមួយក្រុមហ៊ុន CAIH ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន(CAIH)បានបោះជំហានដ៏សំខាន់មួយក្នុងការជំរុញនវានុវត្តន៍បច្ចេកវិទ្យាសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី២៣ ខែតុលានេះ។
បើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម អនុស្សរណៈនេះមានគោលបំណងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើបដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់។ កម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃនិងអន្តរប្រតិបត្តិការទិន្នន័យ។
តាមរយៈ MOU នេះ ភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៣ ចំណុច៖ ទី១. ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ ក្រុមហ៊ុន CAIH នឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឌីជីថលទំនើបដើម្បីជំរុញនវានុវត្តន៍ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។ រីឯ ទី២.ការជំរុញសេដ្ឋកិច្ចឌីជីថល ភាគីទាំងពីរ នឹងផ្តោតលើវិស័យសុខាភិបាល និងទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ចកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ។ចំណែក ទី៣. ការចែករំលែកចំណេះដឹង កិច្ចសហប្រតិបត្តិការនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរជំនាញបច្ចេកវិទ្យានិងការយល់ដឹងអំពីនិន្នាការថ្មីនៃនវានុវត្តន៍។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលអនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឯកឧត្តម ហ៊ុល សៀងហេង បានឲ្យដឹងថា ភាពជាដៃគូខាងលើនេះមានមូលដ្ឋានលើកិច្ចសហការជាច្រើនឆ្នាំ និងកាន់តែល្អប្រសើរបន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ទៅកាន់ក្រុមហ៊ុន CAIH កាលពីខែមិថុនាឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តម ហ៊ុល សៀងហេង បានឲ្យដឹងទៀតថាការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថលនិងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាដើម្បីបង្កើនការតភ្ជាប់ឌីជីថល និងផ្លាស់ប្តូរជំនាញដែលផ្តល់អត្ថប្រយោជន៍ដល់កម្ពុជានិងតំបន់អាស៊ានថែមទៀតផង។
ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH ក៏បានសាទរចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការខាងលើនេះ ដោយលើកឡើងថាដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះខាងក្រុមហ៊ុនបានស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដោយជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។ លើសពីនេះ លោក គង់ ម៉ុងគឺបានបន្ថែមទៀតថា ក្រុមហ៊ុន CAIH ចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ(Super Connector) សម្រាប់ឧស្សាហកម្មធនធាន និងអតិថិជនដោយដើរតួជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថលនិងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។
សូមជម្រាបផងដែរថាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលបានបង្កើតឡើងដោយក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងខែមេសាឆ្នាំ២០១៦ ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ក្រុមហ៊ុននេះ មានបេសកកម្មកសាង និងអនុវត្តគំនិផ្តួចផ្តើមវិថីសូត្រឌីជីថលនិងឌីជីថលក្វាងស៊ី ក្នុងគោលដៅជំរុញទំនាក់ទំនងកាន់តែជិនស្និតរវាងប្រទេសចិននិងអាស៊ាន ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ផងដែរ៕