ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហ៍កម្ម វឌ្ឍនភាពធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ជាកាតាលីករដើរតួសំខាន់ក្នុងមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង
Posted by -
Phoung Somphors
Published on -
26/10/2024 12:54 AM

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ក្នុងពិធីបិទកម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យារដូវកាលទី២ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិច និងគាំទ្រដោយសហគ្រិនខ្មែរ ថា វឌ្ឍនភាពធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាជាកាតាលីករដើរតួសំខាន់ក្នុងមូលដ្ឋាន សង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

កម្មវិធីដែលធ្វើនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ មានគោលដៅលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យានិងសហគ្រិនភាពនេះ មានការចូលរួមប្រកួតប្រជែងពីនិស្សិតចំនួន១១៤ក្រុមមកពី២០សាកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌីបានលើកឡើងពីតួនាទីនៃនវានុវត្តន៍ ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសប្រើបច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។

«វឌ្ឍនភាពនៃធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា (Tech Startups) គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុវត្តន៍ជាតិនិងដើរតួសំខាន់ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ដែលមានមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានលើកឡើងយ៉ាងដូច្នេះនៅចំពោះមុខបេក្ខជននិស្សិតប្រកួបប្រជែងក្នុងកម្មវិធី។

«ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាគប្បីសម្លឹងមើលទីផ្សារឱ្យបានធំទូលាយពោលគឺត្រូវស្វែងយល់​ពីឱកាសទីផ្សារទាំងក្នុងតំបន់ និងសកលលោក បន្ថែមពីលើទីផ្សារក្នុងស្រុកដែលមានស្រាប់ ដូចជា៖ ទីផ្សារអាស៊ានដែលមានប្រជាជនចំនួន៦៨០លាននាក់និងមានផលិតផលក្នុងស្រុកសរុប៤,២ទ្រីលានដុល្លារ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមហែម វណ្ឌី ដើម្បីលើកទឹកចិត្តឱ្យធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ចាប់យកឱកាសទីផ្សារតំបន់និងពិភលោក។

ឯកឧត្តមរដ្ឋមន្ត្រីហែម វណ្ណឌី បានគូសបញ្ជាក់ថា កម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យានេះ បានបង្ហាញពីកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាដែលនឹងដើរតួនាទីសំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា, បង្កើតការងារក្នុងវិស័យបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ព្រមទាំងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យកាន់តែរីកចម្រើន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236