សមាគមហិរញ្ញវត្ថុ CMA និងសាកលវិទ្យាល័យ HRU រួមគ្នាអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈ និងឱកាសការងារដល់សិស្សនិស្សិត
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាកលវិទ្យាល័យធនធានមនុស្ស (HRU) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី«កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា» កាលពីទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ គោលបំណងនៃអនុស្សរណៈនេះ ជំរុញនិងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ និងឱកាសអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈរបស់សិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ជប់ការសិក្សា។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងពិធីចុះអនុស្សរណៈ ដែលរៀបចំនៅសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហាមន្ត្រី បានឱ្យដឹងថា អនុស្សរណៈនេះ គឺស្វែងរកលទ្ធភាពធ្វើការរួមគ្នាដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីជំនាញការងាររបស់វិស័យមីក្រូហិរញ្ញវត្ថុ។ ទន្ទឹងនេះ ក៏ជំរុញលើកទឹកចិត្តសិស្សនិសិត្សឱ្យចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗ ដែលរៀបចំដោយសមាគមនិងសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់សិស្សនិស្សិត។ លោក គា បូរាណ បានឱ្យដឹងទៀតថា ការចាប់ដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សាលើកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានេះ ក៏បានផ្តល់ឱកាសចុះកម្មសិក្សាឱកាសចូលបម្រើការងារ ក៏ដូចជាឱកាសអភិវឌ្ឍន៍សមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០ នៅទូទាំងប្រទេស ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោកសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យធនធានមនុស្ស បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់នេះផ្តល់យោជន៍ច្រើនសម្រាប់ស្ថាប័នទាំងពីរដោយជួយឱ្យ សកលវិទ្យាល័យធនធានមនុស្សអាចពង្រីកសក្តានុពលក្នុងការបណ្តុះបណ្តាលនិសិត្សឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ។ក្នុងឱកាសនេះនិស្សិត ក៏អាចចូលរួមចុះកម្មសិក្សា ហាត់ការរកការងារធ្វើជាមួយសមាជិករបស់សមាគមទាំង១២០គ្រឹះស្ថាន ដោយនិស្សិតក៏នឹងទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនផងដែរ។
សម្រាប់លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា មើលឃើញថា ការចុះអនុស្សរណៈយោគយល់មួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុពិសេសជំនាញផ្នែកហិរញ្ញវត្ថុ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានសក្តានុពល និងឯកទេស ក៏ដូចជាបង្កើនឱកាសការងារក្នុងប្រព័ន្ធធនាគារ។ លោក ហេង បូមករា បញ្ជាក់ថា ធនធានមនុស្ស គឺជាកត្តាដ៏ចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពតាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិ៕