លោក យិន សុភាព៖«បើស្គាល់លុយមិនច្បាស់ យើងនឹងក្លាយជាទាសកររបស់លុយ»
Posted by -
Rithipul
Published on -
9/2/2022 4:41 PM

ភ្នំពេញ៖ បើស្គាល់លុយបានច្បាស់ លុយនឹងជួយយើងបានគ្រប់ជំហាន។ ត្រូវដឹងពីរបៀបគ្រប់គ្រងលុយដោយវិធីណា ដើម្បីឱ្យលុយក្លាយជាទាសកររបស់យើង។ លោក យិន សុភាព ស្ថាបនិកនិងជានាយកសាលារៀនគ្រូយើង ថ្លែងនាពេលបើកកម្មវិធី«ឈ្វេងយល់ពីសារសំខាន់នៃចំណេះដឹងហរិញ្ញវត្ថុ និងការប្រើប្រាស់អេបកត់លុយ (KotluyApp)» កាលពីថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២២ ថា លុយបើយើងស្គាល់វា យើងនឹងក្លាយជាម្ចាស់របស់វា ហើយវាក្លាយជាទាសកររបស់យើង។ ប៉ុន្តែបើយើងស្គាល់វាមិនច្បាស់ ប្រើវាមិនបាន លុយនឹងចាប់យើងធ្វើជាទាសកររបស់វាវិញ។

លោកគ្រូ យិន សុភាព បានចែករំលែកពីករណីដែលលោកធ្លាប់ជួបមនុស្សបែបនេះច្រើន ដោយពួកគាត់ខ្ចីបុលពីម្នាក់យកទៅសងបំណុលម្នាក់ទៀត រហូតក្លាយទៅជាបំណុលវ័ណ្ឌក។ លោកគ្រូ សុភាព អះអាងថា ដោយសារពួកគាត់មិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគិតថាវាមិនមានបញ្ហាអ្វី។ ដូច្នេះ បើមិនប្រយ័ត្ន​ យើងនឹងក្លាយជាទាសកររបស់លុយវិញហើយ។

នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីចំណេះដឹងហរិញ្ញវត្ថុនិងការប្រើប្រាស់អេបកត់លុយ ដែលរៀបចំដោយក្រុមហ៊ុនឫទ្ធិពល សហការជាមួយនឹងសាលារៀនគ្រូយើងនៅខេត្តរតនគិរី សម្រាប់លោកគ្រូអ្នកគ្រូ និងបុគ្គលិករបស់សាលារៀនគ្រូយើងនៅសាខាខេត្តរតនគិរី និងខេត្តស្ទឹងត្រែង សរុបប្រមាណជិត២០០នាក់ លោក យិន សុភាពបានផ្តាំផ្ញើទៅដល់លោកគ្រូអ្នកគ្រូដូច្នេះថា ៖«មានចំណូលប៉ុន្មានមិនសំខាន់ តែចាយ ជារឿងចាំបាច់ដែលត្រូវតែគ្រប់គ្រងឱ្យបាន។ បើលោកគ្រូអ្នកគ្រូគ្រប់គ្រងចំណាយបាន លោកគ្រូអ្នកគ្រូគ្រប់គ្រងចំណូលបាន។ ចំណូលអាចកើន អាចថយ តែចំណាយត្រូវតែច្បាស់ថាតើយើងត្រូវចំណាយទៅលើអ្វីឱ្យប្រាកដ»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236