ពន្ធគយនិងរដ្ឋករកម្ពុជា ដាក់ឱ្យប្រើ App ស្វែងរកចំណាត់ថ្នាក់ទំនិញនិងគណនាពន្ធនាំចូលឆ្នាំ២០២២
Posted by -
Rithipul
Published on -
10/2/2022 12:22 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសដក់ឱ្យអនុវត្ត«កម្មវិធីទូរស័ព្ទដៃឆាតវៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងជួយសម្រួលបន្ថែមទៀតដល់ធុរជន (ពាណិជ្ជករ ឬ​អ្នកជំនួញ)។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុង«កម្មវិធីទូរស័ព្ទដៃឆាតវៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ (Cambodia Customs Tariff 2022)» ដែលដាក់ឱ្យសាធារណជន និងធុរជនពាក់ព័ន្ធអាចប្រើប្រាស់កម្មវិធីនេះ សម្រាប់ជាជំនួយដល់ការស្វែងរកចំណាត់ថ្នាក់ទំនិញតាមលេខកូដ មុខទំនិញហាមឃាត់ និងជាប់កម្រិតកំណត់និងគណនាអត្រាពន្ធអាករប៉ាន់ស្មានជាដើម។

នៅក្នុង App របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានមុខងារគណនាពន្ធនាំចូល ដោយមានវាយបញ្ចូលលេខកូដ, តម្លៃទំនិញគិតជាដុល្លារ, អត្រាប្តូរប្រាក់រៀលនិងមូលដ្ឋានគិតពន្ធជាប្រាក់រៀល។ ការគណនាកាតព្វកិច្ច និងពន្ធគឺផ្អែកលើការប៉ាន់ស្មានសម្រាប់តែព័ត៌មានប៉ុណ្ណោះ។ នេះបើយោងតាមមុខងារដែលមាននៅក្នុង App ជំនាន់ v1.0.2 ។

កម្មវិធីទូរស័ព្ទដៃឆាតវៃ តារាងពន្ធគយកម្ពុជាឆ្នាំ២០២២ នៅក្នុងជំនាន់ដដែលនេះ ក៏មានមុខងារវិធីសាស្រ្តចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយកម្ពុជា,ការស្នើសុំការពិគ្រោះយោបល់លើចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងវិធានទូទៅសម្រាប់បកស្រាយឈ្មោះទំនិញនៅក្នុងតារាងពន្ធគយជាដើម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236