ឆ្នាំ២០២១«មូលនិធិគន្ធបុប្ផាកម្ពុជា» បានទទួលថវិកាបរិច្ចាគប្រមាណ ១៨,៥លានដុល្លារ
ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា»បានទទួលថវិកាបរិច្ចាគសរុបចំនួនប្រមាណ ១៨,៥ លានដុល្លារអាមររិក ពីប្រភពនានាដូចជា វិភាគទានរបស់រដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ វិភាគទានប្រចាំឆ្នាំរបស់កាកបាតក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធីគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២២។
យោងតាមវឌ្ឍនភាពនៃការទទួលថវិកាបរិច្ចាគនិងរបាយណ៍ហិរញ្ញវត្ថុ របស់មូលនិធីគន្ធបុប្ផាកម្ពុជា បង្ហាញថា ថវិកាបរិច្ចាគដែលទទួលបានក្នុងឆ្នាំ២០២១ សរុបប្រមាណ ១៨,៥លានដុល្លារនេះ ប្រៀបធៀបនឹងឆ្នាំ២០២០ កើនឡើង ១១,៦% ដោយទទួលបានសមាជិកសរុបចំនួនជាង ១ម៉ឺន៥ពាន់នាក់។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនប្រមាណ ៤,៥លានដុល្លារ។
នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្ន ឧបនាយរដ្ឋមន្ត្រីក្រួសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ«មូលនិធិគន្ធបុប្ផាកម្ពុជា» និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធផងនោះ ក៏បានពិភាក្សាពីសកម្មភាពផ្សព្វផ្សាយ និងទិសដៅក្នុងការកៀរគរការបរិច្ចាគថវិកាតាមប្រព័ន្ធឌីជីថលបែប E-donation ផងដែរ។ សកម្មភាពបំផុតចលនារបស់លេខាធិការដ្ឋានមូនិធីគន្ធបុប្ផាកម្ពុជានេះ គឺដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
បើតាមរបាយការណ៍ដដែល ស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង ចំនួនអ្នកជំងឺកុមារមកពិគ្រោះ និងព្យបាលនៅផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៣៨៥៥១៩នាក់, អ្នកជំងឺកុមារចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន ៨០ ៦៧២នាក់, ស្ត្រីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព (មន្ទីរពេទ្យជ័យវ័រ្មនទី៧) មានចំនួន ៦២ ៥៣៩នាក់, ស្ត្រីមានផ្ទៃពោះបានសម្រាក និងសម្រាលកូនមានចំនួន ១៩ ៥០៦នាក់, សម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន២ ៩០០នាក់, អ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរមានចំនួន ៦៧០នាក់ និងវះកាត់មានចំនួនសរុប ២៣៨៥៥នាក់៕