លោក សុខ វឿន ជាប្រធាន, លោកជំទាវ ឌិត នីតា ជាអនុប្រធានក្រុមប្រឹក្សាភិបាល CMA អាណត្តិថ្មី
ភ្នំពេញ៖ លោកសុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២២-២០២៣ ជំនួសលោក គា បូរាណ ដែលជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ។ ការបោះឆ្នោតនោះ លោកជំទាវ ឌិត នីតា អគ្គនាយិកាប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា(CAMMA) ជាប់ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម។
ប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងអាណត្តិថ្មីនេះ មានបទពិសោធជាង២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍឌីជីថល ការអភិវឌ្ឍផលិតផល ភាពជាអ្នកដឹកនាំការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ បច្ចុប្បន្ន លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោក សុខ វឿន ក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងជាអភិបាលឯករាជ្យនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)ផងដែរ។
នៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានការចូលរួមពីសមាជិកជាង ១០០ស្ថាប័នផងនោះ ក៏មានបេក្ខជន ១១រូបផ្សេងៗទៀត ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិថ្មីនេះផងដែរ។
ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើរតួសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការ និង ទ្រព្យសម្បត្តិសមាគមឱ្យបានពេញលេញ និងត្រឹមត្រូវ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញដែលមានគោលដៅធានាឱ្យបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសម្បូរបែប ទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕