គយ រកចំណូលបានជាង ២,២ពាន់លានដុល្លារ ថយចុះ ៥.១% ធៀបនឹងឆ្នាំ២០២០
Posted by -
Rithipul
Published on -
12/2/2022 11:32 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ២,២៩៥.២ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ នេះបើតាមលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលបានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១។

បើតាមការរាយការណ៍របស់អគ្គនាយកគយលោក គុណ ញឹម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល (ត្រូវជា៣៧.៩% នៃចំណូលសរុប)។ ចំពោះអាករពិសេសមានចំនួន ៣,៥១៣ប៊ីលានរៀល (ត្រូវជា ៣៧.៨%នៃចំណូលសរុប) ខណៈពន្ធគយមានចំនួន ១,៦៧១.៦ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប)។ ចំណែក អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល (ត្រូវជា ៤.៣% នៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល (ត្រូវជា ២.០% នៃចំណូលសរុប)។

ចំពោះចំណូលតាមក្រុមទំនិញ បានបង្ហាញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ ប៊ីលានរៀល (ត្រូវជា៤៣% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២,៥៧៩.៤ ប៊ីលានរៀល (ត្រូវជា ២៧.៨% នៃចំណូលសរុប) ខណៈដែលផលិតផលតេលសិលាមានចំនួន ២,១៥៧.១ ប៊ីលានរៀល (ត្រូវជា ២៣.២% នៃចំណូលសរុប) និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០.៤ ប៊ីលានរៀល (ត្រូវជា ៦.០% នៃចំណូលសរុប)។

ដោយឡែកទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥ លានដុល្លារអាមេរិកស្មើនឹង ១៥.២%។ រីឯ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជាគ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិចគ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៤,៥៤២.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៣៩២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៤.២%។

ជាមួយគ្នានេះ ការនាំចេញកសិផលមានចំនួន ២,៨១៧.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៩៨.៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩.៥% ដែលក្នុងនោះស្រូវនាំចេញមានតម្លៃ ៨២៦.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦០.៣ លានដុល្លារអាមេរិក (៧៧.៣%) ខណៈការនាំចេញអង្ករសម្រេច ៤២៤.៩ លានដុល្លារអាមេរិកថយចុះប្រមាណ ៨១.១ លានដុល្លារអាមេរិក (១៦.០%)។ ចំពោះ កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៥.៧ លានដុល្លារអាមេរិក (៤៥.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧ លានដុល្លារអាមេរិក កើនឡើង ២៦៥.៣លានដុល្លារអាមេរិក (៦៨.៣%)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236