«បរិយាបន្នហិរញ្ញវត្ថុ» រួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដូចម្តេច?
ភ្នំពេញ៖ «បរិយាបន្នហិរញ្ញវត្ថុ» ត្រូវបានទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ការផ្តល់លទ្ធភាពដល់ប្រជាជនឬសហគ្រាសធុនតូច និងមធ្យមដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុក្នុងតម្លៃសមរម្យ បានបង្កើតនិងពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ ហើយមានឥទ្ធិពលដោយផ្ទាល់និងដោយប្រយោលដល់ការកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានខិតខំប្រឹងប្រែងលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការអភិវឌ្ឍនិងបញ្ញត្តិកម្មនៃវិស័យហិរញ្ញវត្ថុនៅទូទាំងប្រទេស ស្របតាមតម្រូវការទីផ្សារការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុលើគ្រប់រូបភាពការបន្ថយកម្រៃលើការប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យស្ថិត ក្នុងកម្រិតសមស្របនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុអំណោយផលសម្រាប់ធ្វើឲ្យលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធិភាព។
នៅពេលដែលប្រជាជនមិនទទួលបានសេវាហិរញ្ញវត្ថុ នោះការគៀរគរប្រាក់បញ្ញើឬប្រាក់សន្សំត្រូវបានបាត់បងសម្រាប់ការផ្តល់ឥណទាន និងការបង្គរដើមទុនដែលនេះជាការខាតបង់ដល់ការអភិរឌ្ឃសង្គម-សេដ្ឋកិច្ច។ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតនៅឡើយ និងទាមទារឲ្យក្រសួងស្ថាប័នវិស័យឯកជន ដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធនានាចូលរួមបន្តទៀតជាសារវន្ត ជាពិសេសក្នុងស្ថានភាពដែលការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាន់តែមានសមាហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ ក្រោមការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចកវិទ្យាក្នុងសម័យឌីជីថល៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)