លោកជំទាវបណ្ឌិត ជា សិរី ៖«ទិន្នន័យមានសក្តានុពលក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ»
ភ្នំពេញ៖ នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី៤នេះ។ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖«នៅក្នុងវិស័យហិរញ្ញវត្ថុទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជនយើង ដែលមានកង្វះខាតក្នុងការប្រើប្រាស់សេវាកម្មធនាគារ»។
លោកជំទាវបណ្ឌិត ជា សិរី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ផងនោះ នាពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកិច្ចសហការបំពាក់ជំនាញវិជ្ជាជីវៈកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មទៅដល់និស្សិតកម្ពុជា កាលទីថ្ងៃទី២១ កុម្ភៈនេះ មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា កម្មវិធីសិក្សាដែលយើងបានរៀបចំនឹងបង្កើតធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិតនៅវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។ នៅក្នុងវិស័យហិរញ្ញវត្ថុ «ទិន្នន័យ»គឺមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
បើតាមសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥» បានគូសបញ្ជាក់ថា បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតនៅឡើយ តែកម្ពុជាបានខិតខំប្រឹងប្រែងលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការអភិវឌ្ឍនិងបញ្ញត្តិកម្មនៃវិស័យហិរញ្ញវត្ថុនៅទូទាំងប្រទេស ស្របតាមតម្រូវការទីផ្សារការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ លើគ្រប់រូបភាពការបន្ថយកម្រៃលើការប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យស្ថិតក្នុងកម្រិតសមស្រប និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ អំណោយផលសម្រាប់ធ្វើឲ្យលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធិភាព។
ទន្ទឹមនឹងនេះ ក៏ទាមទារឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធនានា ចូលរួមបន្តទៀតជាសារវន្ត ជាពិសេសក្នុងស្ថានភាពដែលការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែមានសមាហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ ក្រោមការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចកវិទ្យាក្នុងសម័យឌីជីថល៕