ក្រសួងសេដ្ឋកិច្ច ប្រកាសរើសបុគ្គលិកកិច្ចសន្យា ៣០នាក់ ធ្វើការក្នុងគម្រោង«នវានុវត្តន៍»
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០នាក់ ធ្វើការងារក្នុងជំនាញដឹកនាំបច្ចេកវិទ្យាឌីជីថល (Digital Technology Management), ជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology), ជំនាញអភិវឌ្ឍសុសវែរ (Software Development) និងជំនាញអភិវឌ្ឍសុសវែរទូរស័ព្ទ (Mobile Development)។ ការជ្រើសរើសនេះ ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវិធី«ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)» ក្រោម«គម្រោងនវានុវត្តន៍ (Innovation Projects)»។ បេក្ខជនដែលបានប្រឡងជាប់ចូលបម្រើការងារ នឹងមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌពេញសិទ្ធិរបស់ក្រសួងផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថាកម្មវិធី«ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល» នឹងធ្វើការជ្រើសរើស និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា ចូលបម្រើការងារនៅក្នុងក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការរៀនបណ្តើរ ធ្វើបណ្តើរ និងមានឱកាសឆ្លងកាត់វគ្គបំប៉នជំនាញបច្ចេកទេស និងវគ្គពង្រឹងសមត្ថភាពផ្សេងៗ ទាំងកម្រិតថ្នាក់តំបន់និងសាកលផងដែរ។
សម្រាប់បុគ្គលិកដែលបានជ្រើសរើសនឹងត្រូវដាក់ឱ្យបម្រើការងារនៅក្នុងគម្រោងនវានុវត្តន៍ (Innovation Projects) ផ្សេងៗ ដែលគាំទ្រដល់ការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Digital Economy and Financial Technology)។
សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា បុគ្គលិកជាប់កិច្ចសន្យាដែលនឹងត្រូវជ្រើសរើសនឹងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យទៅនឹងតួនាទីការងារ និងគុណវុឌ្ឍិ និងអាចមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌពេញសិទ្ធិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងបានបម្រើការងារក្នុងរយៈពេលកំណត់មួយ។
តាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លក្ខខណ្ឌដែលអាចក្លាយជាបុគ្គលិកនៅក្នុងកម្មវិធីនេះ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រកួតប្រជែង និងសម្រិតសម្រាំង ៣ ដំណាក់កាលប្រកបដោយតម្លាភាព។ ការទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕