ធនាគារជាតិនៃកម្ពុជា វិនិយោគលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ីសម្រាប់ផ្ដល់ហិរញ្ញប្បទាន
Posted by -
Phoung Somphors
Published on -
3/3/2022 9:44 AM

ភ្នំពេញ៖ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements-BIS) បានដាក់ឱ្យប្រើប្រាស់មូលនិធិដោយបើកចំហសម្រាប់ការវិនិយោគរបស់ធនាគារកណ្ដាលណាលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី ដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់។ ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគដំបូងលើសញ្ញប័ណ្ណបៃតងក្នុងតំបន់អាស៊ីសម្រាប់ផ្ដល់ហិរញ្ញប្បទានផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ធនគារជាតិនៃកម្ពុជា។ 

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា BIS ដាក់ឱ្យដំណើរការមូលនិធិសញ្ញាប័ណ្ណបៃតងនេះ ចេញផ្សាយដោយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនសាជីវកម្មរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសម្រាប់ការវិនិយោគ ដែលគិតគូរដល់កិច្ចការពារបរិស្ថាន និងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមរបស់ BIS នេះ នឹងជួយដល់ធនាគារកណ្តាលក្នុងការអនុវត្តគោលការណ៍បរិស្ថានប្រកដោយចីរភាពទៅក្នុងការគ្រប់គ្រងទុនបម្រុង។

សេចក្ដីប្រកាសព័ត៌មានដដែល ដែលចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងទៀតថា ធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកនៃគណៈកម្មាធិការនៃប្រឹក្សាយោបល់ បានគាំទ្រគំនិតផ្តួចផ្ដើមនេះ ហើយក៏ជាអ្នកវិនិយោគដំបូងលើសញ្ញប័ណ្ណបៃតងក្នុងតំបន់អាស៊ី សម្រាប់ផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តភាពនេះផងដែរ។ ក្នុងសេចក្តីប្រកាសនោះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ក្នុងនាមជាធនាគារកណ្តាល តួនាទីរបស់យើងគឺចូលរួមកាត់បន្ថយហានីភ័យហិរញ្ញវត្ថុ ដែលបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច ស្ថានភាពសង្គម និងបរិស្ថាន។

ការផ្ដល់ហិរញ្ញប្បទានបៃតងក្នុងតំបន់អាស៊ីនេះ អាចផ្ដល់នូវជម្រើសដែលមានគុណប្រយោជន៍ជាច្រើន សម្រាប់អ្នកវិនិយោគដើម្បីជួយការពារភពផែនដី។ ការវិនិយោគលើសញ្ញាប័ណ្ណបៃតងនេះ មិនត្រឹមតែផ្ដល់ប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលវិជ្ជមានសម្រាប់បរិស្ថានផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236