ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រ «អប់រំ» បែបឌីជីថលនិងបដិវត្តឧស្សាហកម្ម៤.០
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាដាក់ឱ្យដំណើរការគេហទំព័រ ធនធានអប់រំកម្ពុជា (OER Cambodia)៖ https://oer.moeys.gov.kh ជាផ្លូវការចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ កម្មវិធីសិក្សាតាមអនឡាញនេះ សម្រាប់គាំទ្រដល់ការបង្រៀននិងរៀនស្របតាមបរិបទនៃការអប់រំតាមបែបឌីជីថលនិងបដិវត្តឧស្សាហកម្ម៤.០ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ កាលពីថ្ងៃទី០១ ខែមីនានេះ បានឱ្យដឹងថា គេហទំព័រធនធានអប់រំកម្ពុជា នេះត្រូវបានអភិឌ្ឍឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែកនិងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យបានកាន់តែសម្បូរបែបស ម្រាប់បម្រើដល់ការបង្រៀននិងរៀន តាមរយៈការអរ់បំតាមបែបគន្លងថ្មីក្នុងការចាប់យក និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ។ ជាពិសេស ការលើកកម្ពស់គុណវឌ្ឍិគ្រូបង្រៀនក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធអប់រំស្របពេល ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្ត។
សេចក្តីប្រកាសដដែលបានសរសេរទៀតថា គេហទំព័រនេះ ផ្តល់ភាពងាយស្រួលដល់លោកគ្រូអ្នកគ្រូ សិស្សនិស្សិត អ្នកស្រាវជ្រាវក៏ដូចជាសាធារណជនក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សាតាមប្រភេទក្រុមមុខវិជ្ជា និងអាចស្វែងរកតាមប្រភេទនៃឯកសារដូចជា ពហុមេឌៀអន្តរកម្ម បទបង្ហាញ វីដេអូ និងសំឡេង ឯកសារបង្រៀននិងសៀវភៅណែនាំកិច្ចតែងការបង្រៀន រូបភាពផ្ទាំងធំ និងរូបភាពគំនូរជីវចលអប់រំ ល្បែងសិក្សា និងឯកសារស្រាវជ្រាវនានាផងដែរ។
នៅក្នុងគេហទំព័រ បុគ្គលិកអប់រំ និងអ្នកសិក្សាស្រាវជ្រាវដែលបំណងចែករំលែកស្នាដៃស្រាវជ្រាវរបស់ខ្លួន ឯកសារបង្រៀនកិច្ចតែងការ ព្រមទាំងឯកសារអប់រំផ្សេងៗទៀត តាមការដាក់ស្នើឯកសារទាំងអស់សម្រាប់ផ្តល់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់បានផងដែរ។ ក្រសួងអប់រំបញ្ជាក់ថាក្រសួងមានក្រុមការងារត្រួតពិនិត្យខ្លឹមសារមាតិកាទាំងអស់នោះ មុននឹងផ្សព្វផ្សាយជាសាធារណៈទៅក្នុងគេហទំព័រ។ រាល់ខ្លឹមសារលើគេហទំព័រនេះស្ថិតក្រោមអាជ្ញាប័ណ្ណ Creative CommonsAttribution-NonCommercial-ShareAlike 3.0 License (CC BY 3.0) ដែលអនុញ្ញាតឱ្យចម្លងនិងចែកចាយបន្ត លើកលែងតែសម្ភារដែលស្ថិតក្រោមបញ្ជី«រក្សាសិទ្ធិ» ប៉ុណ្ណោះ៕