អ្វីខ្លះជាឧបសគ្គចម្បងនៃ«បរិយាបន្នហិរញ្ញវត្ថុ»?
ភ្នំពេញ៖ ឧបសគ្គចម្បងនៃបរិយាបន្នហិរញ្ញវត្ថុ គឺជាការយល់ដឹងនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតទាប។ លទ្ធភាពក្នុងការស្វែងយល់អំពីព័ត៌មានសេវាហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
ប្រជាជនភាគច្រើនប្រមាណ ៧៥% មានចំណូលតិចជាង ១លាលរៀល (ប្រមាណ២៤៦ដុល្លារអាមេរិក) ក្នុងមួយខែ (ប្រាក់ចំណូលអាចប្រើប្រាស់បាន) ដែលជាកម្រិតទាបសម្រាប់ចំណាយលើសេវាហិរញ្ញវត្ថុ។ ទោះបី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកប្រតិបត្តិការនិងជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុក៏ដោយ ក៏ការទទួលបានសេវាហិរញ្ញវត្ថុនៅតាមទីជនបទដាច់ស្រយាល ដូចជានៅតាមភូមិនិងឃុំ នៅតែមានគម្លាត ហើយសេវាផ្តល់ដោយគ្រឹះស្ថានទាំងនេះនៅមានកម្រិតនៅឡើយ។
ដើម្បីជំរុញការប្រើប្រាស់បន្ថែមទៀត សេវាហិរញ្ញវត្ថុទាំងនេះត្រូវកែសម្រួលឲ្យស្របទៅនឹងស្ថានភាពនិងតម្រូវការសេដ្ឋកិច្ចសង្គមរបស់ទីផ្សារគោលដៅ។ កត្តានេះបានធ្វើឲ្យប្រជាជនដែលមិនបានទទួលសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការងាកទៅរកការប្រើប្រាស់បណ្តាញក្រោផ្លូវការ ឬមិនប្រើប្រាស់សេវាហិរញ្ញវត្ថុតែម្តង៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)