ចាយប្រាក់រៀលចំណេញច្រើនដល់សេដ្ឋកិច្ចជាតិ, គ្រាន់តែចំណូលពីការបោះពុម្ពក៏មិនស្ទើរដែរ
Posted by -
Nhong Heng
Published on -
19/3/2022 3:25 PM

ភ្ណំពេញ៖ ចាយប្រាក់រៀលផ្ដល់ផលប្រយោជន៍ច្រើន។ ចម្បងបំផុត គឺនាំមកនូវមោទនភាពជាតិ ព្រោះប្រទេសយើងក៏ដូចប្រទេសផ្សេងៗទៀតដែរ គឺមានរូបិយវត្ថុរបស់ខ្លួន ដែលជាឲ្យអត្តសញ្ញាណជាតិ។ ការប្រើរូបិយវត្ថុជាតិបានជួយរំលឹកប្រជាពលរដ្ឋអំពីវប្បធម៌ ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ព្រោះក្រដាសប្រាក់នីមួយៗ មានដាក់រូបភាពបុព្វបុរសល្បីៗ និងប្រាង្គប្រាសាទជាដើម។

ឥលូវយើងមកគិតដល់រឿងសេដ្ឋកិច្ច តើការចាយប្រាក់រៀល ចំណេញដូចម្ដេច?

ទី១- ចំណូលពីការបោះពុម្ពក្រដាសប្រាក់

ត្រង់ចំណុចនេះគឺងាយយល់ណាស់។  ឧទាហរណ៍ ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹក រដ្ឋាភិបាលបោះពុម្ព រួចលក់ចេញក្នុងតម្លៃ ១ម៉ឺនរៀល ខណៈដែលការចំណាយលើការផលិតក្រដាសប្រាក់នេះអស់តិចតួចប៉ុណ្ណោះលើថ្លៃក្រដាសបោះពុម្ព និងថ្លៃផលិតកម្ម។ ចុះបើនៅខ្មែរ មានតម្រូវការប្រាក់រៀលច្រើន នោះរដ្ឋមិនដឹងជារកចំណូលបានច្រើនយ៉ាងណានោះទេ ពីការបោះពុម្ពប្រាក់រៀលនេះ។ ប៉ុន្តែ ផលប្រយោជន៍នេះនឹងបានទៅលើសហរដ្ឋអាមេរិកទៅវិញទេ  ពីការបោះពុម្ពលុយដុល្លារ ដោយសារខ្មែរចាយដុល្លារច្រើន។

ទី២- រក្សាស្ថិរភាពថ្លៃនៅលើទីផ្សារ

រូបិយវត្ថុ ក៏មិនខុសពីទំនិញនៅលើទីផ្សារនោះដែរ។ បើគ្រប់គ្រងមិនត្រូវទេ តម្លៃរូបិយវត្ថុ និងតម្លៃទំនិញ ឡើងចុះពិបាកស្មាន។ បើគេបោះពុម្ពក្រដាសប្រាក់ច្រើនពេក នោះក្រដាស់ប្រាក់នឹងចុះថោក។ ហើយយើងទិញឥវ៉ាន់បានកាន់តែតិចទៅ ដែលហៅថា អតិផរណា។

ផ្ទុយទៅវិញ បើបោះពុម្ពក្រដាសប្រាក់តិចពេក ទាបជាងតម្រូវការចាយវាយក្នុងទីផ្សារ នោះតម្លៃរូបិយវត្ថុនឹងឡើងថ្លៃ ខ្ពស់ជាងកម្រិតសមស្រប  ដែលនាំឲ្យមាន បរិត្តផរណា គឺការធ្លាក់ថ្លៃទំនិញ។ បើទំនិញឡើងថ្លៃ គឺប៉ះពាល់ជីវភាពពលរដ្ឋ តែបើទំនិញចុះថោក គឺប៉ះពាល់វិនិយោគិន ដែលជាអ្នកផលិតទំនិញ។ ដូច្នេះការផលិតក្រដាសប្រាក់ ត្រូវតែសមាមាត្រនឹងតម្រូវការចរាចរណ៍ក្នុងទីផ្សារ លើសក៏មិនល្អ ខ្វះក៏មិនល្អ។

បើប្រទេសយើងចាយប្រាក់រៀលខ្ពស់ នោះការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ក៏ដូចជាតម្លៃទំនិញលើទីផ្សារ គឺងាយស្រួលនោះទេ។

តែបញ្ហានៅត្រង់យើងចាយប្រាក់ដុល្លារសម្បើមណាស់ ដែលហៅថា ដុល្លារូបនីយកម្ម។ តម្លៃទំនិញ ឡើងចុះទៅតាមលុយដុល្លារនេះឯង។ ហើយធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកគ្រប់គ្រងបរិមាណលុយបរទេសនោះឡើយ។ បើសិនជាលុយខ្មែរវិញ ធនាគារជាតិ អាចធ្វើបាន។ មានន័យថា បើប្រាក់រៀលច្រើននៅលើទីផ្សារ នោះធនាគារជាតិអាចប្រើវិធីស្រូបយកមកវិញខ្លះ តែបើវាតិចពេក ធនាគារជាតិក៏អាចបញ្ចេញប្រាក់រៀលបន្ថែមឲ្យវាសមាមាត្រផងដែរ។ ប៉ុន្តែដោយសារការចាយវាយប្រាក់រៀលនៅតិច ដូចនេះរដ្ឋាភិបាលអាចធ្វើបានមានកម្រិតទៅតាមនោះ ក្នុងការរក្សាស្ថិរភាពតម្លៃចាយវាយ តម្លៃទំនិញនៅលើទីផ្សារ។

ទី៣- ចំណេញមួយទៀត គឺមិនខាតថ្លៃប្ដូរប្រាក់

បើប្រជាពលរដ្ឋកាន់ក្រដាសប្រាក់ច្រើនប្រទេស គេត្រូវប្ដូរប្រាក់ចុះឡើង ដើម្បីទិញទំនិញ។ ការប្ដូរនេះហើយ ធ្វើឲ្យប្រឈមនឹងការខាត់បង់ទៅតាមអត្រាប្ដូរប្រាក់ និងខាតពេលវេលាផងដែរ។

ទី៤- ជំរុញពាណិជ្ជកម្ម

បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកមួយភាគធំលើការនាំចេញ និងទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ប្រសិនបើយើងចាយតែប្រាក់រៀល ធនាគារជាតិអាចជំរុញការនាំចេញរបស់កម្ពុជាបាន។ ធនាគារជាតិអាចបន្ថយតម្លៃប្រាក់រៀល ដើម្បីឲ្យទំនិញរបស់យើង កាន់តែមានភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ ឧទាហរណ៍ យើងផលិតខោ១ ចំណាយប្រាក់ ៤០០០រៀល។ ហើយឧទាហរណ៍ថា ហាងឆេងប្ដូរប្រាក់ ៤០០០រៀល ស្មើ១ដុល្លារ ដូចនេះ អ្នកបញ្ជាទិញចាយ១ដុល្លារ បានខោយើងមួយ។ តែបើយើងធ្វើឲ្យប្រាក់រៀលចុះថោកគឺ ៤២០០រៀល ស្មើ១ដុល្លារ នោះខោយើងតម្លៃ៤០០០រៀលនេះ គេចាយមិនដល់១ដុល្លារនោះទេ គឺត្រឹម ៨៨សេនប៉ុណ្ណោះ។ បានសេចក្ដីថា ខោនេះមានតម្លៃទាបជាងមុននៅលើទីផ្សារអន្តរជាតិ ដែលគេកាន់ពិចារណាក្នុងការទិញផលិតផលរបស់យើង។

តែសព្វថ្ងៃនេះ ទោះបន្ថយតម្លៃប្រាក់រៀល ក៏មិនមានឥទ្ធិពលដល់ការនាំចេញដែរ ព្រោះអ្វី? ព្រោះថាថៅកែទាំងនោះទិញវត្ថុធាតុដើម និងបើកប្រាក់ឈ្នួលកម្មករ គឺឲ្យលុយដុល្លារ។

ទី៥- ជួយឲ្យការប្រាក់ចុះទាប

ឧទាហរណ៍នៅសហរដ្ឋអាមេរិកជាដើម គេអាចញាក់អត្រាការប្រាក់ឲ្យចុះឡើងបាន។ ព្រោះថា គ្រឹះស្ថានធនាគារឯកជនរបស់គេ មករកកម្ចីជាប្រាក់ដុល្លារពីធនាគារកណ្ដាល ដូចនេះ ធនាគារកណ្ដាលគ្រាន់តែបន្ទាបការប្រាក់បន្តិចទៅ នោះធនាគារឯកជន គេនឹងផ្ដល់កម្ចីបន្តដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋ ក្នុងអត្រាការប្រាក់ទាបទៅតាមនោះ។

តែបើនិយាយពីធនាគារកណ្ដាលរបស់កម្ពុជាវិញ មិនមានឥទ្ធិពលដូចនោះទេ។ ធនាគារជាតិរបស់យើងផ្គត់ផ្គង់តែប្រាក់រៀលប៉ុណ្ណោះ ពោលគឺធនាគារជាតិអាចឲ្យគ្រឹះស្ថានធនាគារឯកជន ខ្ចីជាប្រាក់រៀល ដើម្បីផ្ដល់កម្ចីបន្តដល់ពលរដ្ឋ។ តែសព្វថ្ងៃគេមានតម្រូវការកម្ចីជាលុយដុល្លារយ៉ាងលើសលុប មិនមែនជាប្រាក់រៀលទេ។

នៅមានផលប្រយោជន៍មួយចំនួនទៀត ពីការចាយវាយប្រាក់រៀលនេះ តែយើងសូមលើកយកតែ ៤, ៥ចំណុចដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236