ប្រាក់រៀល មានកំណើតចាប់ពីឆ្នាំណាមក?
ភ្នំពេញ៖ កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម។ តែមុននឹងឈានដល់ចំណុចនេះ យើងគួរដឹងប្រវត្តិត្រួសៗខ្លះអំពីរូបិយវត្ថុជាតិរបស់យើង។ ទឹកដីកម្ពុជាយើងនេះ តាមរយៈការធ្វើកំណាយ គេឃើញថាមានប្រើប្រាស់កាស តាំងពីសម័យមុនអង្គរទៅទៀត។ លុះមកដល់សម័យអាណាព្យាបាលបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅនៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ។ រូបិយវត្ថុនេះឈ្មោះថា«ព្យ៉ាស់»((Piastre)) ដែលមានចារឹកប្រាក់រៀលនៅលើក្រដាសប្រាក់នេះ។ ប្រាក់របស់ឡាវនិងវៀតណាម ក៏ត្រូវបានចារឹកនៅលើក្រដាសប្រាក់តែមួយនេះផងដែរ។
ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ។ នៅឆ្នាំ១៩៥៣រដ្ឋាភិបាលបានបោះពុម្ពកាស ចាររិកជាតម្លៃប្រាក់រៀលនៅលើនោះ។ តែក្រោយមកប្ដូរមកប្រើជាក្រដាសប្រាក់តែម្ដងចាប់ពីឆ្នាំ១៩៥៥ ។ ក្រដាសប្រាក់របស់យើងពេលនោះ មានចារឹកតម្លៃ ១រៀល ៥រៀល ១០រៀលនិង៥០រៀល។
តែដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ប៉ុន្តែក្រោយពីសម័យនេះ ត្រូវបានផ្ដួលរំលំប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទនេះ ត្រូវបានដកស្រង់ចេញពីកម្រងអត្ថបទព័ត៌មានដែលបោះពុម្ពផ្សាយដោយធនាគារជាតិនៃកម្ពុជា និងសុន្ទរកថារបស់ឯកឧត្តម ជា ចាន់តូ ទេសារភិបាលធនាគារជាតិក្នុងឱកាសនៃការប្រារព្ធខួបទី៤០នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ កាលពីចុងខែកញ្ញាឆ្នាំ២០២០ (ជាធម្មតាត្រូវធ្វើនៅខែមីនារៀងរាល់ឆ្នាំ តែត្រូវពន្យារពេលដោយសារកូវីដ-១៩)៕