សម្តេច ហ៊ុន​ សែន សរសើរថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារ ដែលប្រមូលចំណូលពន្ធបានលើសផែនការ
Posted by -
Rithipul
Published on -
30/3/2022 10:04 AM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបានកោតសរសើរដល់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារនិងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញសកម្មលើការប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ លើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។

សម្តេច ហ៊ុន សែន បានថ្លែងនៅក្នុងលិខិតសរសើរជូនដល់អគ្គនាយកពន្ធដារកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ ថា ៖«លមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹកប្រែងប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់ឯកឧត្តម [គង់ វិបុល] ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ»។ លិខិតដដែលបានឱ្យដឹងទៀតថា ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាបាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលវីរុសកូវីដ-១៩ ក្តី។

សម្តេចនាយកដ្ឋមន្ត្រី បានបញ្ជាក់គាំទ្រនូវវិធានការដែលអគ្គនាយកដ្ឋានពន្ធដារដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូលចំណូលពន្ធដារ ពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធនិងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។ ទន្ទឹមនឹងនេះ សម្តេចក៏បានស្នើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បន្តការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២១អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួន ១១,២៦៦.៧៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,៧៨១.៩២ លានដុល្លារធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានចំនួន ៩,០៨៤.៤២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,២៤៣.០៧ លានដុល្លារមានស្ថានភាពល្អប្រសើរ គឺស្មើនឹង ១២៤.០២% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ២៤.០២% ស្មើនឹង ២,១៨២.៣៧ ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៣៨.៨៥ លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236