វិស័យកាត់ដេររក្សាបានកំណើននាំចេញ ២៥% ទំហំទឹកប្រាក់ ៣១៥៥លានដុល្លារ ក្នុងត្រីមាសទី១
Posted by -
Phoung Somphors
Published on -
23/4/2022 4:31 PM

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣,១៥៥លានដុល្លារ។ ក្នុងនោះសម្លៀកបំពាក់មានចំនួន ២,១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)។ នេះបើតាមការឱ្យដឹងពីប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក្នុងជំនួបជាមួយរដ្ឋមន្រីក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧកញ៉ា គង់ សាង ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៣ នៅទីស្តីការក្រសួងកាលពីថ្ងៃទី២១ មេសានេះ ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀតក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ក៏ដូចជាពិភពលោក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236