ក្រសួងអំពាវនាវឱ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅចិនដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់លើការចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន ចំនួន១៨ លើករួចមកហើយកាលពីពេលកន្លងទៅក្រសួងពាណិជ្ជកម្មរួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្តរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី១៩ “The 19th China–ASEAN Expo2022”។ ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នា២០២២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាន និងតំបន់ស្វយ័តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិនតាមទម្រង់ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Physical and virtual Exhibition)។
ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពខ្ពស់ដល់ក្រុមហ៊ុន ឬសហគ្រាសកម្ពុជាដែលមានសាខាឬតំណាងចែកចាយផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូនផលិតផល និងសេវាទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនា និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ទន្ទឹមនឹង នេះក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជនសហគ្រិន វិនិយោគិន និងផលិតករកម្ពុជាដែលមានបំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ មកបំពេញបែបបទនិងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១ / ០១៧ ៧៥៩ ៥៦៧ / ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល៖ chaoji168@gmail.com/ sanphirun1977@gmail.com / vannameas@yahoo.com / ritatong19@gmail.com ៕