CWEA និង Rithipul រៀបចំកម្មវិធីសិក្សាដល់ស្ត្រីជាម្ចាស់អាជីវកម្មស្តីពី«ចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិន»
ភ្នំពេញ៖ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) រៀបចំកម្មវិធីបណ្តុះបណ្តាលដល់សហគ្រិនស្ត្រី ដែលជាសមាជិករបស់ខ្លួនចំនួន១០០នាក់ ដោយទទួលបានថវិកាបដិភាគគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ កម្មវិធីបណ្តុះបណ្តាលនេះផ្តោតសំខានលើប្រធាន៖«ចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិន» ដែលក្រុមហ៊ុនឫទ្ធិពល ជាអ្នកផ្តល់សេវាកម្មបណ្តុះបណ្តាល (អនុវត្តគ្រោងជាមួយ CWEA)។
លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី បានមានប្រសាសន៍ថា តាមរយៈបទពិសោធដែលសមាគមបានបណ្តុះបណ្តាលដល់សមាជិក គឺពួកគាត់ទទួលបានភាពរីកចម្រើន។ ចំពោះម្ចាស់អាជីវកម្មដែលចុះឈ្មោះចូលរួមជាសមាជិកថ្មីយើងឃើញថា ពួកគាត់នៅតែមានបញ្ហាផ្នែកចំណេះដឹងហិរញ្ញវត្ថុនេះ។ អ៊ីចឹងបានសមាគមសហគ្រិនស្ត្រីនៅតែបន្តស្វែងរកថវិកាគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមគម្រោងមូនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយបានសហការជាមួយនឹងក្រុមហ៊ុនឫទ្ធិពល បង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលស្តីពីចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិន ដើម្បីយកទៅពង្រឹងនិងពង្រីកអាជីវកម្មរបស់គាត់បន្ថែមទៀត។។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដូចតទៅ៖
កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុសម្រាប់សមាគមសហគ្រិនស្ត្រីកម្ពុជា គឺសិក្សាចំនួន៥ថ្ងៃក្នុងមួយក្រុម ដែលមានចំនួន៣វគ្គ ទី១៖«ការគ្រប់គ្រងចំណូលចំណាយ», ទី២៖«ការគ្រប់គ្រងបំណុល» និងទី៣៖«ការសន្សំ» បង្រៀនដោយលោកគ្រូ ទិត្យ កំរង អ្នកឯកទេសចំណេះដឹងហិរញ្ញវត្ថុ ជាស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ និងលោកស្រី ប៉ែន បុប្ផា គ្រូបណ្តុះបណ្តាលបំណិនជីវិតភាពជាអ្នកដឹកនាំ និងចំណេះដឹងហិរញ្ញវត្ថុ និងជានាយិកាប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបន្តុះបណ្តាលនេះ នឹងទទួលបានបង្កើតទម្លាប់ក្នុងការសន្សំតាមយៈការគ្រប់គ្រងចំណាយ បំណុល និងបង្កើនចំណូល, អនុវត្តនូវការគ្រប់គ្រងហិរញ្ញវត្ថុធ្វើផែនការហិរញ្ញវត្ថុ គម្រោងថវិកាដែលនាំដល់ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្ម, គ្រប់គ្រងកម្ចីបានត្រឹមត្រូវ, មានលទ្ធភាពប្រើប្រាស់ផលិតផល / សេវាកម្មហិរញ្ញវត្ថុផ្លូវការ និងអាចប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈកម្មវិធីកត់លុយ។ល។
កម្មវិធីបណ្តុះបណ្តាលចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២២នេះតទៅ។ ប្រសិនបើសមាជិករបស់ CWEA មានត្រូវការកម្មវិធីបណ្តុលបណ្តាលនេះសូមអញ្ជើញទំនាក់ទំនងតាមទូរស័ព្ទលេខ / តេឡេក្រាម 010948 236 / 095 948 236 / 092 948 236 ៕