សេវាហិរញ្ញវត្ថុ ដែលពលរដ្ឋខ្មែរប្រើភាគច្រើនមានសេវាផ្ទេរប្រាក់ សន្សំ និងកម្ចី
ភ្នំពេញ៖ សេវាផ្ទេរប្រាក់ ជាសេវាហិរញ្ញវត្ថុដែលត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាច្រើនជាងគេដោយមានប្រជាជនពេញវ័យ ៤៤% ផ្ញើនិងទទួលប្រាក់។ ក្នុងចំណោមអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ មាន ៣៥% នៃប្រជាជនពេញវ័យប្រើប្រាស់បណ្តាញផ្លូវការផ្សេងទៀត ដែលភាគច្រើនជាសេវាផ្ទេរប្រាក់តាមទូរស័ព្ទ ហើយមានតែ ៣% ប៉ុណ្ណោះដែលប្រើប្រាស់សេវាហិរញ្ញវត្ថុផ្តល់ដោយគ្រឹះស្ថានធនាគារ។
ប្រជាជនពេញវ័យ ៤៥% សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនិងអ្នកផ្តល់សេវាហិរញ្ញវត្ថុកក្រៅផ្លូវការ។អ្នកផ្តល់សេវាចម្បងសម្រាប់ការសន្សំ គឺអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ២៥% នៃប្រជាជនពេញវ័យបន្ទាប់មកការសន្សំនៅផ្ទះមាន ២២% និងការសន្សំនៅក្នុងបណ្តាញផ្លូវការមានកម្រិតទាប ដែលក្នុងនោះ ៧% នៅគ្រឹះស្ថានធនាគារនិង ៥% នៅក្នុងបណ្តាញផ្លូវការផ្សេងទៀត។ ប្រជាជនពេញវ័យ ៤២% ទទួលបានសេវាឥណទាន។គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សារឥណទានក្នុងនោះមានប្រជាជនពេញវ័យ ២២% ទទួលបានសេវាឥណទាន ខណៈដែល ៧% ទទួលបានពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ៧% ពីគ្រួសារនិងមិត្តភក្តិ និង ៦% ពីគ្រឹះស្ថានធនាគារ។ប្រជាជនពេញវ័យដែលប្រើប្រាស់ប្រតិបត្តិការឌីជីថលមានតែ ១១% ប៉ុណ្ណោះ។ កម្រិតទាបនៃការប្រើប្រាស់ប្រតិបត្តិការឌីជីថល បង្ហាញពីការប្រើប្រាស់សាច់ប្រាក់យ៉ាងច្រើននៅក្នុងសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០១៧ ការផ្ទេរប្រាក់ចូលជាផ្លូវការមកប្រទេសកម្ពុជាមាន ៦% នៃផ.ស.ស ដែលស្មើនឹង ១,២៧៦លានដុល្លារអាមេរិក។ ប្រជាជនពេញវ័យ ៩% ទទួលប្រាក់ផ្ទេរពីក្រៅប្រទេសជាពិសេសតាមច្រកទូទាត់ពាណិជ្ជកម្មថៃ។ ក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេសមកកម្ពុជា ៧៩% ត្រូវបានផ្ទេរតាមរយៈបណ្តាញផ្លូវការ និង ២១% តាមរយៈបណ្តាញក្រៅផ្លូវការ៕
(ដកស្រង់ពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៩)