មេពន្ធដារ ចង់ឃើញអាជីវកម្មក្នុងវិស័យរ៉ែ អនុវត្តស្តង់ដារមានតម្លាភាព និងកិច្ចសហការក្នុងការប្រមូលពន្ធ
Posted by -
Phoung Somphors
Published on -
24/6/2022 5:10 PM

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល អគ្គនាយដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុននិងសហគ្រាសដទៃទៀតនៅក្នុងវិស័យធនធានរ៉ែ អនុវត្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយស្តង់ដារនិងតម្លាភាពឱ្យបានប្រហាក់ប្រហែលឬដូចទៅនឹងក្រុមហ៊ុន រីនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ក្រោយពីឯកឧត្តម វាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនរួច។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយដ្ឋានពន្ធដារ កាលពីថ្ងៃទី២២ មិថុនានេះ ក្នុងបេសកកម្មទស្សនកិច្ចសិក្សាអំពីប្រតិបត្តិការរុករករ៉ែរបស់ក្រុមហ៊ុនក្នុងការដ្ឋានរ៉ែមាសនៅតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ។

បេសកកម្មរបស់ឯកឧត្តម គង់ វិបុល ដែលដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារចុះទស្សនកិច្ចកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងឈ្វេងយល់អំពីស្ថានភាពជាក់ស្តែងនិងសក្តានុពលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងចំណូលផ្សេងទៀតលើវិស័យធនធានរ៉ែ និងសិក្សាដកពិសោធ។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យបានល្អប្រសើរដោយសិក្សានិងរៀបចំបង្កើតស្តង់ដារនៃការអនុវត្តនិងអនុលោមភាពសម្រាប់គម្រោងវិនិយោគផ្សេងទៀតក្នុងវិស័យដូចគ្នានេះ។

តាមរយៈការធ្វើបទបង្ហាញរបស់លោក Morgan​ Hart នាយកប្រតិបត្តិក្រុមហ៊ុន រឺនេសង់ មីនើរ៉ល (ខេមបូឌា) អំពីស្ថានភាពទូទៅរបស់អាជីវកម្មនៅក្នុងការដ្ឋានផ្ទាល់ ឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុននិងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ អនុវត្តប្រកបដោយស្តង់ដារនិងតម្លាភាព ប្រហាក់ប្រហែល ឬដូចទៅនឹងក្រុមហ៊ុននេះដែរ។

ឧត្តម គង់ វិបុល បានមានប្រសាសន៍ថា៖«កន្លងមកអគ្គនាយកដ្ឋានពន្ធដារជួបប្រទះនឹងឧបសគ្គ និងបញ្ហាប្រឈមយ៉ាងខ្លាំងដោយក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងវិស័យនេះ ពុំបានផ្តល់កិច្ចសហការពេញលេញក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងពុំបានផ្តល់បញ្ជិកាគណនេយ្យរបាយ-ការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធ ហើយប្រកាសព្រមទាំងបង់ប្រាក់ពន្ធទាបដែលពុំបានឆ្លុះបញ្ចាំងពីវិស័យមួយ ដែលកំពុងមានសក្តានុពលនិងមិនបានសហការឲ្យមន្ត្រីពន្ធដារចុះមកដោយផ្ទាល់ដូចក្រុមហ៊ុននេះឡើយ»។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានសរសរថា គម្រោងរបស់ក្រុមហ៊ុនរឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីធីត បានផ្តល់ការយកចិត្តទុកដាក់ ផ្នែកបរិស្ថានដោយបានរៀបចំអាងប្រព្រឹត្តកម្មលើកាកសំណល់តាមស្តង់ដាអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់លើបរិស្ថានរៀបចំរបងព័ទ្ធជុំវិញការដ្ឋាននានា ដើម្បីបង្ការហានិភ័យនានាដល់ជីវចម្រុះ និងប្រព័ន្ធអេកូឡូជី និងចូលរួមគាំទ្រកិច្ចគាំពារព្រមទាំងយកចិត្តទុកដាក់ចំពោះសង្គមបានផ្តល់ការងារជូនប្រជាជនកម្ពុជាដោយកម្មករនិយោជិតប្រមាណ៩០% ជាជនជាតិខ្មែរ រាប់ពីកម្រិតបច្ចេកទេសរហូតដល់កម្រិតគ្រប់គ្រង និងតិចជាង១០% ជាជនជាតិបរទេសដែលកំពុងបម្រើការងារនៅទៅនោះ។

ផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់អគ្គនាយកដ្ឋានពន្ធដារនឹងពិនិត្យផ្តល់ជូននូវ «វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស (GOLD Certificate)» ដែលបញ្ជាក់នូវកម្រិតអនុលោមភាពខ្ពស់ជូនដល់ក្រុមហ៊ុនរឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីធីត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236