សម្តេច ហ៊ុន សែន អរគុណនិងសរសើរក្រុមហ៊ុន អគ្គិសនីកម្ពុជា (EDC) ដែលបង់ពន្ធជូនរដ្ឋ
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះ អគ្គិសនីកម្ពុជា អ.ក (EDC) ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ។ នៅក្នុងលិខិតរបស់សម្តេចដែលចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២នោះ បានបញ្ជាក់ថា អគ្គិសនីកម្ពុជា ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសក្នុងឆ្នាំ២០២១ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖«ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់អគ្គិសនីកម្ពុជា អ.ក គឺជាការចូលរួមចំណែកមិនអាចខ្វះបានក្នុងឋានៈជាក្រុមហ៊ុនរបស់រដ្ឋ ដែលបានចូលរួមគាំទ្រដោយផ្ទាល់ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់ នៃសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា»៕