សម្តេច ស ខេង ឱ្យស្ថាប័នពាក់ព័ន្ធប្តេជ្ញាធ្វើការរួមគ្នា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ
Posted by -
Phoung Somphors
Published on -
30/6/2022 12:34 PM

ភ្នំពេញ៖ កម្ពុជាត្រូវបានអន្តរជាតិចាត់ទុកក្នុងបញ្ជីប្រផេះ ជាប្រទេសដែលលាងលុយកខ្វក់។​ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ប្តេចជ្ញាចិត្តធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងតាមរយៈយន្តការដែលបានបង្កើតឡើង ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ។ សម្តេច ស​ ខេង បញ្ជាក់ថា ៖«បើបញ្ជីប្រផេះនេះមិនត្រូវបានដកចេញពីកម្ពុជាទេ ធនាគាររបស់យើងនឹងមានឧបសគ្គក្នុងប្រតិបត្តិការ»។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារនិងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម​ បញ្ជាក់ថាទៀតថា បញ្ហាមិនមែនតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេវាក៏ពាក់ព័ន្ធនឹងអំពើពុរលួយ បទល្មើសព្រៃឈើ បទល្មើសនេសាទនិងបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការដាក់បញ្ចូលកកម្ពុជាក្នុងបញ្ជីប្រផេះនេះ។ បញ្ហានេះសម្តេចស ខេង បញ្ជាសមត្ថកិច្ចដែលពាក់ព័ន្ធស្រាវជ្រាវឱ្យបានដល់ឬសគល់ពីប្រភពនៃការជួញដូរគ្រឿងញៀនថវិកា ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ ក្រោយការបង្ក្រាបជនល្មើសរកស៊ីគ្រឿងញៀនទាំង ដើម្បីធ្វើយ៉ាងណាកុំឱ្យទ្រព្យសម្បត្តិទាំងនោះ ត្រូវបានយកទៅបម្រើអំពើទានភេរវកម្ម ឬសកម្មភាពផ្សេងៗ ដែលនាំឱ្យកម្ពុជាស្ថិតនៅក្នុងបញ្ជីប្រផេះរបស់អន្តរជាតិ។

គោលដៅធំបំផុតនោះ គឺគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ប្ដេជ្ញាចិត្តដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនេះ ដើម្បីធានាសម្រេចឱ្យបានជោគជ័យក្នុងការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា និងដើម្បីការលើកស្ទួយមុខមាត់កម្ពុជាទាំងក្នុងតំបន់និងលើឆាកអត្តរជាតិមកវិញ។ នេះបើតាមសម្តេច ស ខេង បានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការងារឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅកម្ពុជាដល់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួង ស្ថាប័ន អាជ្ញាធរត្រួតពិនិត្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីពង្រឹងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន និងរក្សាឱ្យបាននិរន្តរភាពការងារនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236