ក្រសួងពាណិជ្ជកម្ម ពន្យារពេល៣ថ្ងៃសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណរកស៊ីតាមអនឡាញ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារពេលឱ្យ៣ថ្ងៃទៀត ក្នុងការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវពន្យារដល់ថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង៥:០០ល្ងាច។ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសភ្លាមៗ នៅល្ងាចថ្ងៃទី៣០ ខែមិថុនាម្សិលមិញ ក្រោយឃើញអាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនបានមកក្រសួងពាណិជ្ជកម្មច្រើនកុះករសម្រុកទៅស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងអាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យម្ចាស់សហគ្រាស និងក្រុមហ៊ុនទាំងអស់បន្តដាក់ពាក្យស្នើលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្ត រៀងរាល់ម៉ោងធ្វើការតាមនីតិវិធីជាប្រក្រតីឱ្យបានមុនថ្ងៃកំណត់៕