ក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចូលរួម«ការពារកុមារលើប្រពន័្ធអនឡាញ»
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងស្ថាប័ន្ធនឹងបច្ចេកវិទ្យា និងប្រតិបត្តិការទូរគមនាគមន៍ក្នុងស្រុកនិងអន្តរជាតិ ជំរុញឱ្យមានការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ។ ការជំរុញនេះត្រូវបានធ្វើឡើងតាមរយៈសិក្ខាសាលា ដើម្បីដាក់ចេញនូវសេចក្តីណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ស្តីអំពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញស្របតាមស្តង់ដារអន្តរជាតិដោយបានគិតគូរពីសិទ្ធសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត ស្របជាមួយនឹងការដាក់ចេញនូវវិធីសាស្ត្រការពារហានិភ័យ លើបណ្តាញអ៊ីនធឺណិតចំពោះពួកគេ។
សិក្ខាសាលាដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងអង្គការយូនីសេហ្វប្រចាំកម្ពុជានេះ ព្រមទាំងលើកកម្ពស់ការចូលរួមយ៉ាងសកម្មពីវិស័យបច្ចេកវិទ្យាព័ត៌មានគមនាគមន៍និងព័ត៌មានវិស័យឯកជនក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចអំពើរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញតាមរយៈការរៀបចំការបណ្តុះបណ្តាលដល់ក្រុមហ៊ុនបច្ចេកវិទ្យាលើកិច្ចការពារកុមារ និងវិធីសាស្ត្ររាយការណ៍ករណីគ្រោះថ្នាក់ដែលបានកើតឡើងនិងការអនុម័តគោលនយោបាយស្តីពីកិច្ច ការពារកុមារសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។
ក្នុងសិក្ខាសាលដែលរៀបចំនៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីឯកឧត្តម ជុន វ៉ាតរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងអង្គការយូនីសេហ្វ,ក្រសួងស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុនបច្ចេកវិទ្យា, ប្រតិបត្តិការទូរគមនាគមន៍ក្នុងស្រុកអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកអនុវត្តច្បាប់សរុបប្រមាណ ១៥០នាក់ផងនោះ ក៏រៀបចំដើម្បីត្រៀមខ្លួនក្នុងការរៀបចំវេទិការបច្ចេកវិទ្យាអាស៊ានស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញដែលនឹងពិភាក្សាបន្ថែមទៀតពីបញ្ហាប្រឈមនិងឧត្តមានុវត្តន៍ក្នុងថ្នាក់តំបន់លើបញ្ហានេះផងដែរ៕