លទ្ធផលការសិក្សារបស់ ERIA ៖ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ ៩,៤% ទៅ ១៨%
ភ្នំពេញ៖ លទ្ធផលការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថាន ERIA បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំប្រមាណពី ២% ទៅ ៣.៨% និងកំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី ៣,២% ទៅ ៦,២% ។ ចំណែកឯកំណើតចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២% ទៅ ៣,៩% ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីលទ្ធផលសិក្សាខាងលើនេះ ក្នុងសិក្ខាសាលាថ្នាក់ជាតិសេរីលើកទី១ ស្តីពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតសរុបប្រមាណ ៣៥០នាក់។
ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ថា វិធានដើមកំណើតទំនិញ ក្រោមកិច្ចព្រមព្រៀងអាសិបដែលមានលក្ខណះសាមញ្ញ និងងាយបំពេញបានដូចនេះនឹងជួយជំរុញកម្ពុជាធ្វើសមាហរណកម្មខ្លួនចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់កាន់តែឆាប់រហ័សនិងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ មិនតែប៉ុណ្ណោះ ការបើកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបគួបផ្សំ នឹងវិធានដើមកំណើតដែលមានលក្ខណៈសាមញ្ញ វិធានបូកបន្ថែមនិងការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាលនឹងក្លាយជាកម្លាំងចលករក្នុងការជួយដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។
ជាពិសេស ជួយបង្វែរការវិនិយោគផ្ទាល់ពីបរទេសចេញពីប្រទេសសមាជិកអាសិបផ្សេងទៀតដែលមានថ្លៃពលកម្មខ្ពស់ឲ្យងាកមកវិនិយោគនៅកម្ពុជា ដោយផ្អែកលើគុណប្រយោជន៍នៃថ្លៃពលកម្មសមរម្យនិងកម្លាំងពលកម្មវ័យក្មេង ដែលកត្តាទាំងនេះនឹងរួមចំណែកដល់ការបង្កើនចំណូលជាតិតាមរយៈការប្រមួលពន្ធ និងការបង្កើនឱកាសការងារ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើប្រជាជនប្រមាណ ២.២លាននាក់ ឬ ៣០% នៃចំនួនប្រជាជនលើពិភពលោកព្រមទាំងផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕