សហគ្រាសចំនួន១៧ ទទួលបានកញ្ចប់វិនិយោគ៥០ម៉ឺនដុល្លារ សម្រាប់កែច្នៃទំនិញបរិភោគឱ្យត្រូវស្តង់ដារ ដើម្បីបង្កើនការនាំចេញ
ភ្នំពេញ៖ សហគ្រាសចំនួន១៧ ទទួលបានកញ្ចប់វិនិយោគចំនួន៥០ម៉ឺនដុល្លារ ជាមួយនឹងការគាំទ្រផ្នែកឧបករណ៍សម្ភារ និងបច្ចេកទេសបម្រើដល់ដំណើរការផលិតកម្មផលជលផល ដើម្បីលើកកម្ពស់គុណភាពសុវត្ថិភាព ប្រសិទ្ធិភាពការងារ និងផលិតផល ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ។ ការផ្តល់កញ្ចប់វិនិយោគនេះ ក្នុងខណៈពេលបរិបទវិបត្តិកូវីដ និងវិបត្តិសេដ្ឋកិច្ចសកល ដែលបានធ្វើឲ្យសហគ្រាសឯកជនជួបប្រទះបញ្ហាជាច្រើនក្នុងការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើមប្រេងឥន្ទនៈឡើងថ្លៃ ព្រមទាំងបុគ្គលិកខ្វះចំណេះ ជំនាញបច្ចេកទេសច្បាស់លាស់។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាអធិបតីក្នុងពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផលកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដែលរៀបចំដោយរដ្ឋបាលជលផលសហការជាមួយអង្គការ UNIDO បានសង្កត់ធ្ងន់ថា សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតនិងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូលនិងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជឿជាក់ថាសហគ្រាសទាំង១៧ ដែលទទួលបាននឹងចូលរួមអនុវត្តឲ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ទាក់ទងបច្ចេកទេសកែច្នៃផលជលផលដើម្បីធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារឈានទៅធ្វើការប្រកួតប្រជែង និងតបតាមស្តង់ដារទីផ្សារនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានស្នើសុំឲ្យបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្មព្រមទាំងផលិតផលវារីវប្បកម្មផងដែរ៕