ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រិនចូលរួមពិព័រណ៍ផលិតផលខ្មែរកម្រិតអន្តរជាតិ​ នៅកោះពេជ្រ
Posted by -
Phoung Somphors
Published on -
7/7/2022 9:40 AM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៥ កម្រិតអន្តរជាតិ» ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ គោលបំណងនៃពិព័រណ៍នេះ ជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជាឲ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារវិបត្តិកូវីត ជាពិសេសជំរុញការនាំចេញផលិតផលនិងសេវាឲ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៦ ខែកក្កដាម្សិលមិញ ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ ក្រសួងក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗដូចជាសិក្ខាសាលាស្តីពី ការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពារពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍន៍វិស័យឯកជនផងដែរ។

សម្រាប់វិនិយោគិន សហគ្រិន ផលិតករ ពាណិជ្ជករដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-ចូលកម្ពុជា ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូ របស់ខ្លួន សូមទៅបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២ ជាកំហិត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236