កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង៥៣%
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ១៥០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០។ កំណើននេះផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា អេមីរ៉ាតអារ៉ាប់រួមជាទីផ្សារធំមួយដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកកម្ពុជា។
បើយោងតាមក្រសួងពាណិជ្ជកម្មចុះផ្សាយ នៅថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដែរថា ទំនិញកម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួមកន្លងទៅមានដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ។ល។ ដោយឡែកការនាំចូលពីអេមីរ៉ាតអារ៉ាប់រួម មាន ផលិតផលប្រេង ចំណីសត្វ ជី រ៉ែថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិកជាដើម។
ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាងឯកឧត្តមរដ្ឋមន្ត្រីប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត Thanibin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទីនៅថ្ងៃទី០៤ ខែកក្កដាកន្លងទៅនេះ ក្នុងគោលបំណងជំរុញនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យដើម្បីជំរុញឲ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម។
ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់និងបង្ហាញសុទិដ្ឋនិយម ព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកតាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ៕