ក្រសួងការងារ ប្រកាសយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចំនួន៩០ថ្ងៃ
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងរៀបចំយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររយៈពេល៩០ថ្ងៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនៅថ្ងៃទី១១ កក្កដានេះ យុទ្ធនាការនេះនឹងចាប់ផ្តើមពីខែកក្កដា ដល់បំណាច់ខែកញ្ញា ឆ្នាំ២០២២។
ដោយយោងតាមប្រកាសអន្តរក្រសួងដែលចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពី«ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ» និងប្រកាសដែលចុះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្តីពី«កាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច និងរបបភាគទានដោយស្ម័គ្រចិត្ត» ក្រសួងការងាររៀបចំយុទ្ធនាការផ្សព្វផ្សាយដូចខាងលើឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។
តាមសេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើដល់នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្មរោងចក្រ សហគ្រាស និងគ្រឹះស្ថាននៅទូទាំងប្រទេស ផ្តល់កិច្ចសហការដោយផ្តល់ពីកន្លែងនិងរៀបចំកម្មករនិយោជិតឱ្យចូលរួមក្នុងយុទ្ធនាការផ្សាព្វផ្សាយ។
យុទ្ធនាការផ្សព្វផ្សាយនោះ ដើម្បីស្វែងយល់ពីកាតព្វកិច្ចនិងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដែលមានរយៈពេលយ៉ាងតិច២ម៉ោងក្នុងមួយពេល។
ក្នុងសេចប្រកាសព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី១១កក្កដានេះ បានសរសេរបញ្ជាក់ថា នាយក ឬម្ចាស់រោគចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវធានាថាកម្មករនិយោជិតរបស់ខ្លួនបានចូលរួមក្នុងយុទ្ធនាការផ្សាព្វផ្សាយនេះ តាមរយៈការផ្តល់កិច្ចសហការជាមួយនឹងក្រសួងការងារប្រកដដោយស្មារតីទទួលខុសត្រូវខ្ពស់៕