កម្ពុជា-ថៃ រួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែននៃប្រទេសទាំងពីរ
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះអនុស្សរណៈនៃការយោគយល់មួយកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២២នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។
បើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំអំពីកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យទំនាក់ទនងដែលមានស្រាប់កាន់តែរឹងមាំនិងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក រវាងស្ថាប័នពាក់ព័ន្ធព្រមទាំងបង្កើនប្រសិទ្ធភាព ក្នុងការរួមគ្នាដោះស្រាយការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
អនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចឌីជីថលនៃព្រះរាជាណាចក្រថៃ៕