សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍៧ចំណុច ដល់វិស័យទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ-១៩
Posted by -
Phoung Somphors
Published on -
15/7/2022 12:42 PM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍៧ចំណុច ដល់ការការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសជំរុញសន្ទុះនៃវិស័យនេះ ឱ្យប្រសីរឡើងវិញក្រោយរង់ផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយនេះ។

សូមអញ្ញើញទស្សនាវីដេអូដែលសម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍មួយចំនួន៧ចំណុច ដូចខាងក្រោម៖

១. ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាពភាពធន់​ និងបរិយាបន្ន ក្នុងនោះក្រុមការងារ រាជរដ្ឋាភិបាល និងវិស័យឯកជនក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌនិងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាននិងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ ។

២. បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាននិងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ។ ក្រសួងទេសចរណ៍និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យ ទេសចរណ៍ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេងនិងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍សំដៅឈានដល់ការអភិវឌ្ឍ«ទេសចរណ៍ឆ្លាត» ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ។

៣. បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈ បន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាពនិងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាពនិងតម្លៃប្រកួតប្រជែងខ្ពស់ ។ ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពលនិងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជនពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថលនិងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។

៤. ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង”របស់កម្ពុជា ។ ក្រសួងទេសចរណ៍ និងគណៈ -កម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសិក្សាបង្កើត វេទិការួមអចិន្ត្រៃយ៍ សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី“រួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា” និងត្រូវពង្រឹងយន្តការ   គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ។

៥. បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេសក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

៦. ពង្រឹងនិងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោកនិងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការ គ្នាឱ្យបានល្អប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់ នូវអភិក្រម“ជវភាពនៃប្រព័ន្ធតួអង្គ តែមួយ”ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជាពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗនៅក្នុង តំបន់ និងសកលលោក ។

៧. ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ  “កម្ពុជាស្អាត” និង “ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ាន  ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236