រដ្ឋាភិបាល បន្តលើកលែងពន្ធ៣ខែទៀត ដល់អាជីវកម្មលើវិស័យទេសចណ៍នៅតំបន់ចំនួន៣
ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធចំនួន៣ខែទៀត ដល់អាជីវកម្មលើវិស័យទេសចណ៍នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២២។ ការអនុគ្រោះនេះ បើទោះចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងក៏ដោយ ក៏បញ្ហាមួយចំនួននៅបន្តគំរាមកំហែងដោយជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអតិផរណាជាសកល នៅតែបន្តរារាំងដល់ការកើនឡើងវិញនៃភ្ញៀវទេសចរ ដែលនាំឱ្យប្រតិបត្តិករជាច្រើននៅក្នុងវិស័យទេសចរណ៍នៅបន្តជួប្រទះនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្មរបស់ខ្លួន។
រដ្ឋាភិបាលបានចេញសេចក្តីណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដោយរដ្ឋាភិបាលបានសហការជាមួយនឹងវិស័យឯកជននិងក្រសួងស្ថាប័នពាក់ព័ន្ធ។
វិធានការនោះ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែអាករលើតម្លៃបន្ថែមចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ដោយចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២២។ អាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករនិងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាល បានផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ រដ្ឋាភិបាល ក៏បានជំរុញឱ្យអាជីវកកម្មក្នុងវិស័យទេសចរណ៍រៀបចំកម្មវិធីអភិឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
ទិសដៅនៃការបន្តលើកលែងពន្ធនេះ ដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលធម្យមឱ្យត្រឡប់ទៅកំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកដោយចីរភាពនិងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣៕