គម្រោងធានាឥណទានជំរុញវិស័យទេសចរណ៍ ដើរតួជាទ្រព្យបញ្ចាំ៨០% នៃកម្ចីរបស់ម្ចាស់អាជីវកម្ម
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់ឲ្យដំណើរការនូវ «គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសរណ៍» ដើម្បីធានាដល់ការស្តារ និងជំរុញកំណើនទេសចរណ៍ឡើងវិញ។ គម្រោងនេះ ដើរតួនាទីជាទ្រព្យបញ្ចាំ៨០ភាគរយនៃកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទៅកាន់អ្នកខ្ចី។
បើតាមក្រសួងទេសចរណ៍ ការដាក់ឱ្យដំណើរគម្រោងធានាឥណទាន សម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសរណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ម្ចាស់អាជីវកម្មដែលខាតទ្រព្យបញ្ចាំដើម្បីធានាកម្ចីក្នុងគម្រោងនេះ អាចទៅប្រឹក្សានិងស្នើសុំកម្ចីដែលមានការធានាឥណទានពីគ្រឹះស្ថានហិរញ្ញវត្តុ ជាដៃគូរទាំង១៥ ស្ថាប័នរបស់សាជីវកម្មធានាឥណទានកម្ពុជា។
ស្ថាប័នទាំងនោះរួមមានធនាគារ ជីប ម៉ុង ខមមើសសលប៊ែង, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ វីង (ខេមបូឌា), ធនាគារ ព្រីនស៍ ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា, ធនាគារ ហ្វីលីព ភីអិលស៊ី, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ភ្នំពេញពាណិជ្ជកម្ម, ធនាគារ អ អេច ប៊ី (ខេមបូឌា), ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីមីធីត៕