ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទាន ១.៥លានដុល្លារ ចូលរួមបោសសម្អាតគ្រាប់មីននៅកម្ពុជា
Posted by -
Phoung Somphors
Published on -
25/7/2022 11:43 AM

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុ បានព្រះរាជទានទ្រព្យចំនួន ១លាន ៥០ម៉ឺនដុលលារ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេសកម្ពុជា។

យោងតាមព្រះរាជសារចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាមេរិក។ ចំណែក សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារសហរដ្ឋអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅទូទាំងប្រទេស។

​ក្រៅពីនេះ ក៏មានសប្បុរសជន អ្នកជំនួញ និងឧញ៉ាមួយចំនួនបានចូលរួមបរិចាកថវិកជាបន្តបន្ទាប់ ដើម្បីចូលរួមដើម្បីបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២ នាក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ។

សម្តេច ហ៊ុន សែន ​ដែលជា​ប្រធាន​អាជ្ញាធរ​មីន​ផងនោះ បានសម្រេច​បង្កើត​នូវ​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «​សម្តេច​តេជោសម្រាប់​សកម្មភាព​មីន​» ដែល​គម្រោង​នេះ​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការងារ​ដោះមីន ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236