បើនៅតែមិនព្រមបង់ថ្លៃសេវាគ្រប់គ្រង់សំរាម រដ្ឋបាលភ្នំពេញ ព្រមានបង្ហោះឈ្មោះតាមបណ្តាញសង្គម និងកត់ត្រាជាបំណុល
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរម្លឹកដល់ម្ចាស់លំនៅឋានម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជន និងសាធារណជននៅក្រុងភ្នំពេញ ឱ្យបង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) តាមតារាងតម្លៃកម្រៃសេវាដែលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១មកម្ល៉េះ។ សាលាក្រុងភ្នំពេញបានព្រមានថា អ្នកមិនព្រមបង់ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ នឹងចាត់វិធានការដូចជា កត់ត្រាជាបំណុល អាចបិទអាជីវកម្ម ឬសេវាកម្មនោះបណ្តោះអាសន្ន និងបញ្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា។
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ម្ចាស់អាជីវកម្ម សេវាកម្មស្ថាប័នរដ្ឋ និងឯកជន រួសរាន់ទៅបង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) តាមតារាងតម្លៃកម្រៃសេវាដែលបានកំណត់។ កន្លងមក រដ្ឋបាលរាជធានីធ្លាប់បានចេញសេចក្តីជូនដំណឹងនេះរួចមកហើយ ដោយដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នេះ តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ បើទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា នៅមានមួយចំនួនតូចទៀតដែលមិនទាន់បានអនុវត្តការបង់ថិវកាតាមតារាងកម្រៃថ្មីនេះនៅឡើយ។
បើតាមលិខិតជូនដំណឹងសារជាថ្មី ដែលចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្តីពី៖«ការក្រើនរម្លឹកសារជាថ្មីនៃការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹង (ថ្មី) នៅរាធានីភ្នំពេញ»នេះ ក្នុងករណីដែលមិនព្រមបង់ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការដូចជា៖ បច្ចេញឈ្មោះជាសាធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។ កត់ត្រាជាបំណុល ហើយអនុវត្តតាមវិធានការរដ្ឋបាលដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តុះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
ខាងក្រោមនេះជាតារាងកម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ៖