អគ្គនាយកដ្ឋានពន្ធដារ ផ្លាស់ប្តូរក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារជាមួយសាកលវិទ្យាល័យឯកជន
Posted by -
Phoung Somphors
Published on -
27/7/2022 5:30 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនិងសាកលវិទ្យាល័យវេស្ទើន បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី៖ «ការផ្លាស់ប្តូរក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ» ក្នុងគោលបំណងពង្រឹងគុណភាពសិក្សារបស់និស្សិតលើជំនាញវិជ្ជាជីវៈពន្ធដារ។

លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារដែលចូលរួមក្នុងពិធីចុះអនុស្សរណៈនេះ បានឱ្យដឹងថា ការចុះហត្ថលេខានេះ បានគូសរំលេចអំពីការកែទម្រង់ស៊ីជម្រៅរបស់អគ្គនាយកដ្ឋានពន្ធដារគ្រប់ផ្នែកជាពិសេសផ្នែកបច្ចេកវិទ្យាដែលក្នុងនោះ សាលាជាតិពន្ធដារក៏បានធ្វើបច្ចុប្បន្នភាពនិងកែលម្អកម្មវិធីគ្រប់គ្រង និងកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនផង។ ការកែលម្អនោះ ដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាបណ្តុះបណ្តាលដល់សិក្ខាកាមជាមន្ត្រីរាជការពន្ធដារអ្នកជាប់ពន្ធរ សិស្សនិស្សិត និងសាធារណជនឱ្យស្របតាមរបត់ថ្មីនៃបរិបទពន្ធដារកម្ពុជានិងការប្រែប្រួលនៃបច្ចេកវិទ្យា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

លោក លីម ដឺលុច បានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងអនុញ្ញាតឱ្យនិស្សិត ឬសិក្ខាកាមដែលបានសិក្សា និងប្រឡងជាប់យ៉ាងហោចណាស់ ៦ ក្រេឌីតនៃមុខវិជ្ជាតម្រូវនៅសាលាជាតិពន្ធដារឬ ៦ ក្រេឌីតនៃវគ្គសិក្សាផ្នែកពន្ធដារនៅសាកលវិទ្យាល័យវេស្ទើន គឺអាចធ្វើការផ្ទេរក្រេឌីតសិក្សាដើម្បីបន្តវគ្គសិក្សាជំនាញវិជ្ជាជីវៈពន្ធដារនៅសាកលវិទ្យាល័យវេស្ទើនបាន។

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ រូបនេះ បានបញ្ជាក់ថាការអនុវត្តកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីតចំពោះវគ្គសិក្សាជំនាញវិជ្ជាជីវៈពន្ធដារនេះ នឹងផ្តល់លទ្ធភាពឱ្យសិស្សនិស្សិត សិក្សាមុខវិជ្ជាពាក់ព័ន្ធនឹងពន្ធដារស៊ីជម្រៅ។ បន្ថែមពីនេះគឺការអនុវត្តក្នុងការប្រើប្រាស់ប្រព័​ន្ធគាំទ្រក្នុងការបង់ពន្ធរនានា និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គជំនាញវិជ្ជាជីវៈពន្ធដារនៅពេលប្រឡងជាប់តាមលក្ខណ្ឌកំណត់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236