ការទិញធានារ៉ាប់រងយានយន្ត គួរតែជាកាតព្វកិច្ច?
Posted by -
Poung Somphors
Published on -
28/7/2022 10:14 AM

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា​ បានចេញចេញសេក្តីប្រកាសព័ត៌មានស្តីពី៖«ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច»។ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច ត្រូវបាននិយ័តករធានារ៉ាប់រងកម្ពុជា ឱ្យដឹងថាគឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈនិងត្រូវបានដាក់ឱ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោក។

សេចក្តីប្រកាសព័ត៌មាននេះ បានលើកពីរបាយការណ៍សិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលធ្វើការវាយតម្លៃទៅលើការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងឆ្នាំ២០១៩ បង្ហាញថា គ្រាន់តែការចំណាយលើការព្យាបាលរបួសរបស់ជនរងគ្រោះដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍មានទំហំទឹកប្រាក់ប្រមាណ ៣៤លានដុល្លារ។ ទំហំទឹកប្រាក់នេះមិនរាប់បញ្ចូលទាំងការខាតបង់សេដ្ឋកិច្ចដោយការបាត់បង់ឱកាសរកចំណូលរបស់ជនរងគ្រោះដែលទទួលមរណភាព និងមានពិការភាពជាអចិន្ត្រៃយ៍និងការខូចខាតទ្រព្យសម្បត្តិនៅក្នុងហេតុការណ៍នៃគ្រោះថ្នាក់ចរាចណ៍នៅឡើយទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានឱ្យដឹងទៀតថា អ្នកប្រើប្រាស់យានយន្តទាំងអស់សុទ្ធតែមានភារៈទទួលខុសត្រូវរៀងខ្លួនចំពោះអ្នកដំណើរនៅលើដងផ្លូវសាធារណៈនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងពាក់ព័ន្ធនឹងការបញ្ជាយានយន្តរបស់ខ្លួន។ ការធានារ៉ាប់រងយានយន្តនឹងផ្តល់ជូនម្ចាស់យានយន្តនូវការទទួលខុសត្រូវលើការទូទាត់សំណងជូនជនរងគ្រោះ (ឧទារណ៍៖ សំណងសម្រាប់ព្យាបាលរបួសរបស់ជនរងគ្រោះ ដែលបណ្តាលមកពីយានយន្តបង្កហេតុជាដើម)។ នេះជាយន្តការនៃការផ្ទេរហានីភ័យរបស់ម្ចាស់យានយន្តសម្រាប់សម្រាលបន្ទុកហិរញ្ញវត្ថុនៅក្នុងគ្រោះថ្នាក់ចរាចណ៍ ជាពិសេសសម្រាប់ជនរងគ្រោះ។

ក្នុងករណ៍ម្ចាស់យានយន្តមិនមានការធានារ៉ាប់រងទេនោះរាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន ហើយថែមទាំងឈានដល់ការខ្ចីបុលគេបន្ថែមទៀតដែលធ្វើឱ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។ ស្ថាប័នទាំងពីរ បានបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដូច្នេះថា៖«ការទិញធានារ៉ាប់រងយានយន្តមិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមានដោយចាត់ទុកជាចំណាយដ៏ធំនោះទេតែនេះជាការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ការការពារហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236