ក្រសួងប្រៃសណី ឱ្យបញ្ឍប់ការប្រើឧបករណ៍បង្កើនកម្លាំងសេវា ដែលធ្វើឱ្យប៉ះពាល់សេវាទូរស័ព្ទចល័ត
ភ្នំពេញ៖ តាមរយះការចុះត្រួតពិនិត្យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) ទៅលើប្រេកង់ស័វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តក្នុងបុរីមួយចំនួនក្នុងរាជធានីភ្នំពេញឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាបានបង្កការឆ្លងរំខាននិងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តក្នុងតំបន់នោះ។
បញ្ហានេះ ក្រសួងប្រៃសណីយ៍ ឱ្យពលរដ្ឋទាំងអស់ដែលកំពុងប្រើឧបករណ៍ខាងលើត្រូវធ្វើការរុះរើដកចេញ និងបញ្ឍប់ការប្រើប្រាស់ឧបករណ៍ទាំងនេះដោយខ្លួនឯង។ ក្រសួងក៏បានប្រាប់ដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យបញ្ឍប់ការនាំចូលជាបន្ទាន់នូវឧបករណ៍គ្រប់ប្រភេទខាងលើ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែកក្កដា បានបញ្ជាក់ថា ក្រសួងនឹងចាប់វិធានតាមផ្លូវច្បាប់ដែលមានចែងក្នុងមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍។ មាត្រា៨៤ បានចែងថា៖ «ការបង្កើត ការដំឡើង ការប្រើប្រាស់ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ឬគ្រឿងសម្ភារះបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខានឬការជ្រៀតជ្រែតលើហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធទូរគមនាគមន៍ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល»៕