«មតិយើង»ជាកម្មវិធីទូរស័ព្ទដៃ​ផ្តល់និងឆ្លើយតបព័ត៌សេវាសាធារណៈ ដែលបង្កើតដោយក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល
Posted by -
Phoung Somphors
Published on -
1/8/2022 11:50 AM

ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃ«មតិយើង» ជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋ ដើម្បីផ្តល់ព័ត៌មានត្រឡប់រួមទាំងការដាក់ពាក្យបណ្តឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។ «មតិយើង» ជាយន្តការសម្ងាត់ ងាយស្រួលប្រើនិងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្តឹង ស្វែងរកជំនួយ សាកសួរព័ត៌មាននិងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។

កម្មវិធីទូរស័ព្ទដៃ«មតិយើង» ជាផ្នែកមួយនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃអង្គការ​អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនិងរដ្ឋាភិបាលប្រទេសស៊ុយអែត ដើម្បីជួយសម្រួលក្នុងការប្រមូលព័ត៌មានត្រឡប់របស់ប្រជាពលរដ្ឋនិងការឆ្លើយតបរបស់អ្នកផ្តល់សេវាសាធារណៈ ដែលនឹងលើកកម្ពស់អភិបាលកិច្ចថ្នាក់មូលដ្ឋាននិងការផ្តល់សេវាសាធារណៈប្រកបដោយគណនេយ្យភាព និងឆ្លើយតបតាមតម្រូវការយេនឌ័រ។

លោក ប៉ិច ពិសីនាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បានឱ្យដឹងថា៖«ការដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទដៃ«​មតិ​យើង​» គឺជា​ការបោះ​ជំហាន​ដ៏សំខាន់​មួយទៀត​ឆ្ពោះ​ទៅរក​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ប្រទេស​កម្ពុជា​។ ដោយសារ​អត្រា​ខ្ពស់​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​អ៊ីនធឺណិត​នៅក្នុង​ប្រទេសការផលិតនិង​អនុវត្ត​កម្មវិធី​ទូរស័ព្ទដៃ​នេះ​គឺជា​ឱកាស​ដ៏ល្អ​ប្រសើរ​ជាង​ពេលណាៗ​ទាំងអស់»។

លោក ប៉ិច ពិសី បានបញ្ជាក់ដូច្នេះថា៖«កម្មវិធី​ទូរស័ព្ទដៃ​នេះ​នឹង​ផ្តល់​ជូន​ប្រជាពលរដ្ឋជាពិសេស​យុវជន​នូវ​វេទិកា​ដ៏ទំនើប ប៉ុន្តែ​សាមញ្ញងាយស្រួល​ប្រើ​ក្នុង​ការប្រាស្រ័យ ទំនាក់​ទំនង​នូវ​កង្វល់និង​តម្រូវការ​របស់​ពួកគាត់​ជាមួយ​នឹង​អ្នកផ្តល់​សេវាសាធារណៈដែល​នឹង​នាំឱ្យមាន​ភាពប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​ល្អនិង​ការផ្តល់​សេវា​សាធារណៈ​កាន់តែ​ឆាប់រហ័ស​។»

គិតត្រឹមដើមឆ្នាំ២០២២នេះ កំណែចុងក្រោយនៃកម្មវិធីទូរស័ព្ទដៃ«មតិយើង» ត្រូវបានផលិតឡើងនិងដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យ នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់គោលដៅនៃគម្រោងនៅក្នុងប្រទេសកម្ពុជាដែលរួមមាន អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី-ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង-ស្រុកចំនួន៨ និងរដ្ឋបាលឃុំ-សង្កាត់ចំនួន៣០ផងដែរ។

ដើម្បីទទួលបានកម្មវិធីទូរស័ព្ទដៃ៖សូមទាញយកកម្មវិធី «មតិយើង» ពីAppStore (iOS) ឬ Play Store(Android)តាមរយៈ៖ https://www.ticambodia.org/ourvoices/ ។ រួចបើកកម្មវិធី «មតិយើង» និងធ្វើតាមការណែនាំដើម្បីដំណើរការកម្មវិធីនិងចាប់ផ្ដើមប្រើប្រាស់កម្មវិធី៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236