សហគមន៍ដែនជម្រកសត្វព្រៃកែវសីម៉ា លក់ឥណទានកាបូនបាន ៦០ម៉ឺនដុល្លារក្នុងឆ្នាំ២០២២
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២នេះ សហគមន៍នៅដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី ទទួលបានថវិកា ៦០ម៉ឺនដុល្លារអាមេរិក ពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ដែលមានកំណើន៣ដងបើធៀបនឹងឆ្នាំ២០២១។
លោកស្រី ឆាយ គឹមហៀក ប្រធានសហគមន៍រេដបូកកែវសីម៉ានៃអង្គការ (WCS) ដែលអនុវត្តគម្រោងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ ថវិកាបានមកពីការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្ត បានចែករំលែកដល់សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាបានកើនឡើងពី ២០ម៉ឺននៅឆ្នាំ២០២១ ដល់ចំនួន៦០ម៉ឺនដុល្លារអាមេរិក ដែលមានចំនួនកើនឡើង ៣ដងបើធៀបនឹងឆ្នាំ២០២១ ដោយមានការបែងចែកតាមភូមិចំនួន២០ ទៅតាមពិន្ទុរបស់ខ្លួនក្នុងការចូលរួមការពារធនធានធម្មជាតិ។
បើតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានស្តីអំពីដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីការងារអភិរក្សតំបន់ការពារធម្មជាតិនៅដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ឆាយ គឹមហៀក បានបង្ហាញក្តីរំពឹងថានៅឆ្នាំ២០២៣ ថវិកាពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តដែលធ្វើវិភាជដល់សហគមន៍អាចកើនដល់ ១លានដុល្លារ ប៉ុន្តែក៏អាស្រ័យលើការចូលរួមពីសហគមន៍នៅក្នុងដែនជម្រកដែរ។
ចំពោះក្រុមហ៊ុន ដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិរួមមាន ក្រុមហ៊ុន Disney និងក្រុមហ៊ុន Gucci ជាដើម។ រហូតមកដល់ពេលនេះមានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ានដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ៕