កម្ពុជាលក់ឥណទានកាបូនទៅផ្សារអន្តរជាតិបាន ១១,៦លានដុល្លារក្នុងរយៈពេល៤ឆ្នាំ ខណៈដែលកំពុងរកទីផ្សាបន្ថែម
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិធំៗបានទឹកប្រាក់ចំនួន ១១,៦លានដុល្លារ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនិងដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សាថ្មីៗបន្ថែមទៀត ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន និងយកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិ ដែលមាននិងការចូលរួមបង្កើតសេដ្ឋកិច្ចមូលដ្ឋាន។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា។ ចាប់តាំងពីការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរមក កម្ពុជាទទួលបានជោគជ័យលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិចាប់តាំងពីឆ្នាំ២០១៦។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ជាចំណុចចាប់ផ្តើមនៃការលក់ឥណទានកាបូនបាន ហើយគម្រោងឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីម៉ានេះ បានក្លាយជាគំរូមួយសម្រាប់ការអនុវត្តគម្រោងឥណទានកាបូននៅតំបន់ការពារធម្មជាតិផ្សេងទៀតនៅកម្ពុជា។
រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលកម្ពុជាបានលក់ឥណទានកាបូនទៅក្រុមហ៊ុនអន្តរជាតិធំៗ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា អះអាងនៅក្នុងអំឡុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានស្វែងយល់ពីការងារអភិរក្សតំបន់ការពារធម្មជាតិនៅដែនជម្រកសត្វព្រៃកែវសីម៉ាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា៖«នេះគឺជាមោទកភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន រូបនេះ បានឱ្យដឹងទៀតថា ក្រៅពីដែនជម្រកសត្វព្រៃកែវសីម៉ាកម្ពុជាបានលក់ឥណទានកាបូននៅគម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ដែនជម្រកសត្វព្រៃមួយចំនួនទៀត ដូចជា ដែនជម្រកសត្វព្រៃឆែបដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលជម្រកសត្វព្រៃព្រះរការនិងដែលជម្រកសត្វព្រៃភ្នំពកភ្នំត្នោត ដែលជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃមួយចំនួនទៀតបាន និងកំពុងដាក់លក់នៅលើទីផ្សារឥណទានកាបូនផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មុននឹងទិញឥណទានកាបូននេះ ត្រូវមានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើសត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។
«កម្ពុជាមានសុទិដ្ឋិនិយមថា នឹងអាចលក់ឥណទានកាបូនបានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន៕