រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះពិនិត្យទីតាំងអូសខ្សែអុបទិចនិងតម្លើងអង់តែន តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
Posted by -
Phoung Somphors
Published on -
4/8/2022 10:16 AM

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយផ្ទាល់។ ការចុះត្រួតពិនិត្យកាលពីថ្ងៃទី១ ខែសីហានេះ គោលបំណងស្វែងយល់និងកំណត់ទីតាំងសម្រាប់អូសខ្សែអុបទិច និងតម្លើងអង់តែនទូរស័ព្ទចល័ត ដើម្បីផ្តល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿន។

ក្នុងដំណើរទស្សនកិច្ចនិងត្រួតពិនិត្យទីតាំងសាងសង់រចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំក្រុមការងារ ក៏មានការចូលរួមពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន  Huawei ក្រុមហ៊ុនសាងសង់បង្គោលអង់តែន ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនទូរសព្ទចល័តផងដែរ។

ជាមួយគ្នានេះ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នោះ ពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរស័ព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាជនក្នុងមូលដ្ឋាន អ្នកធ្វើដំណើរ រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ។

បើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ នឹងបន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវ China Road  and  Bridge Corporation ព្រមទាំងបណ្តាប្រតិបត្តិការទូរគមនាគមន៍ ដើម្បីប្រឹក្សាយោបល់លើការប្រើប្រាស់បច្ចេកវិទ្យា និងការកំណត់ទីតាំងក្នុងការសាងសង់អង់តែន សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅលើបណ្តោយផ្លូវនោះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236