ទេសាភិបាលធនាគារជាតិ ព្រមានចំពោះការយកអត្តសញ្ញាណប័ណ្ណច្បាប់ដើមរបស់អតិថិជន ធ្វើជាវត្ថុធានា
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តមជា ចាន់តូ បានក្រើនតម្លឹកនិងហាមដាច់ខាតចំណពោះការយកអត្តសញ្ញាណប័ណ្ណបុគ្គល ដែលជាលិខិតយថាភូតច្បាប់ដើមរបស់អតិថិជនធ្វើជាវត្ថុធានា និងព្រមានចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ជាធរមានចំពោះគ្រឹះស្ថានដែលប្រព្រឹត្តិល្មើស។ សារក្រើនរម្លឹកនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង។
នៅសិក្ខាសាលាដែលរៀបចំ ដើម្បីផ្សព្វផ្សាយពីការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានិងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកម្រិតបរិយាបន្នហិរញ្ញវត្ថុនិងកិច្ចគាំពារអតិថិជន ដែលប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុនេះ ឯកឧត្តម ជា ចាន់តូ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដើម្បីជៀសវាងការកេងប្រវ័ញ្ច ឆបោកពីជនល្មើសនិងការឃោសនាមិនសមហេតុផលពីជនមួយចំនួនដែលមានចេតនាបំផ្លាញការរីកចម្រើនរបស់វិស័យទាំងមូល។
ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បញ្ជាក់ដល់សិក្ខាកាមអំពីតួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទដើម្បីបង្កើតនិងពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ៕