កម្ពុជាជំពាក់បំណុលបរទេស៩.៨១ប៊ីលានដុល្លារ តែស្ថិតក្នុងស្ថានភាពមិនមានក្តីបារម្ភ
ភ្នំពេញ៖ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងពីស្ថានភាពបំណុលរបស់កម្ពុជាដែលជំពាក់បរទេសមានប្រមាណជា ៩.៨១ប៊ីលានដុល្លារ។ ឯកឧត្តមបានឱ្យដឹងទៀតថា ស្ថានភាពកម្ចីរបស់កម្ពុជាស្ថិតនៅក្នុងអនុបាតគោលនៃកម្ចីគឺក្នុងរង្វង់ ៣៣-៣៥%ប៉ុណ្ណោះ ហើយនិងអាចស្ថិតក្នុង ៣៦% នៅឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី៖«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមមាស សុខសេនសាន បង្ហាញពីស្ថានភាពបំណុលបច្ចុប្បន្នរបស់កម្ពុជា ដែលគិតមកដល់ពេលនេះមានចំនួន ៩.៨១ប៊ីលានដុល្លារ ហើយក្នុងត្រីមាសទី២ នៃឆ្នាំ២០២២នេះ រដ្ឋាភិបាលបាននិងកំពុងខិតខំសងម្ចាស់បំណុលទាំងទ្វេភាគីនិងពហុភាគីបានចំនួន ១៨៣លានដុល្លារហើយ។
ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការខ្ចីលុយគេនេះគឺកម្ពុជាមិនមែនខ្ចីគេមកបើកប្រាក់ខែនោះទេ ពោលគឺខ្ចីយកមកវិនិយោគហើយកម្ពុជាអាចគ្រប់គ្រងហានីភ័យនៃបំណុលនេះបានដោយហ្មត់ចត់បំផុត។ ឯកឧត្តម មាសសុខសេនសាន ឱ្យក្រឡេកមើលពីការវាយតម្លៃពីកម្រិតហានីភ័យនៃបំណុលរបស់កម្ពុជាដែលត្រូវបានវាយតម្លៃនិងទទួលស្គាល់ដោយមូលនិធិរូបិយវិត្ថុអន្តរជាតិ (IMF) គឺកម្ពុជាស្ថិតក្នុងអនុបាតគោលនៃកម្ចី គឺមិនមានក្តីបាម្ភទេ ពីព្រោះមិនឱ្យលើសពី៤០% ហើយស្ថានភាពកម្ចីមកដល់ពេលបច្ចុប្បន្ន ស្ថិតក្នុងរង្វង់៣៣- ៣៥% និងអាចស្ថិតក្នុង៣៦% នៅឆ្នាំ២០២៣៕