អគ្គនាយកពន្ធដារ ចុះអង្កេតនិងផ្តល់សេវាចុះបញ្ជីពន្ធដល់អាជីវកម្មដែលមិនទាន់ចុះបញ្ជីពន្ធដារ
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល ចុះពិនិត្យការដាក់បញ្ជរផ្តល់សេវាចុះបញ្ជើពន្ធដារនិងការចុះអង្កេតសហគ្រាស នៅតាមទីតាំងអាជីវកម្មមួយចំនួននៅភ្នំពេញ។ សកម្មភាពដែលឯកឧត្តមគង់ វិបុល ដឹកនាំក្រុមការងារនៃនៃអគ្គនាយកដ្ឋានពន្ធដារ ចុះត្រួតពិនិត្យកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលបំណងផ្តល់សេវាចុះបញ្ជីពន្ធដល់អ្នកជាប់ពន្ធឱ្យបានងាយស្រួលនិងទូលំទូលាយសំដៅជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យស្មើភាពគ្នា។
ស្របតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពី៖«ការចុះអង្កេតសហគ្រាសនៅរាជធានីភ្នំពេញ» អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឯកឧត្តម គង់ វិបុល ចុះពិនិត្យការដាក់បញ្ជរផ្តល់សេវាចុះបញ្ជើពន្ធដារ និងការចុះអង្កេតសហគ្រាសដោយសង្កេតឃើញថា នៅមានកន្លែងអាជីវកម្មថ្មីៗមួយចំនួនកំពុងប្រកបរបអាជីវកម្មដោយមិនទាន់បានចុះបញ្ជីពន្ធដារនៅឡើយ។
ក្នុងសកម្មភាពនោះឯកឧត្តម គង់ វិបុល បានចុះពិនិត្យនិងបានជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្មមួយចំនួនបាន មកទទួលសេវានៅបញ្ជរផ្តល់សេវាចុះបញ្ជីពន្ធដារតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានរៀបចំនៅផ្សារ TK Avenue នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បញ្ជរផ្តល់សេវាចុះបញ្ជីពន្ធដារនេះ ក៏មានផ្តល់សេវាដូចជា ថតរូបនិងស្គែនម្រាមដៃអ្នកជាប់ចូលក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់ព័ត៌មានស្តីពីការចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ។ ជាពិសេស ផ្តល់នូវព័ត៌មានដល់អ្នកជាប់ពន្ធអំពីរបៀបនៃការទាញយកឯកសារ និងដំឡើងកម្មវិធីទូរស័ព្ធដៃនានារបស់អគ្គនាយដ្ឋានពន្ធដារផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមអនុវត្តការងារអង្កេតសហគ្រាសនៅសង្កាត់បឹងកក់ទី១នេះ ចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារនិងប្រមូលព័ត៌មានមួយចំនួនដូចជា អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម រូបថត ទីតាំងសហគ្រាស និយាមកា និងព័ត៌មានចំបាច់ផ្សេងទៀត។ ការចុះអនុវត្តនេះសម្រាប់ជំរុញការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត។
ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាសដែលបាននិងកំពុងប្រកបអាជីវកម្មទាំងអស់ចូលរួមសហការផ្តល់ព័ត៌មាន ឯកសារ និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារអង្កេតសហគ្រាសព្រមទាំងចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារឱ្យបានគ្រប់ៗគ្នា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕